រដ្ឋសភានឹងបន្តសម័យប្រជុំដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
ភ្នំពេញ៖ រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃស្អែកទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន៥បន្ថែមទៀត ក្រោមអធិបតីភាពប្រធានរដ្ឋសភា សម្ដេចចក្រី ហេង សំរិន។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នឹងត្រូវរដ្ឋសភាបន្តពិភាក្សា និងអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ដើម្បីបានអនុវត្តឱ្យបានមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌បានធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មីសំដៅលើសិទ្ធិឈរឈ្មោះរបស់មន្ត្រីនយោបាយ ជាពិសេសរឹតបន្តឹងលើអ្នកដែលបំផ្លាញសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ គូសបញ្ជាក់ថា ក្រោយកែទម្រង់ច្បាប់បោះឆ្នោតថ្មីនេះរួចរាល់ អ្នកដែលឈរឈ្មោះសម្រាប់ឱ្យគេបោះឆ្នោតបើមិនទៅបោះឆ្នោតឆ្នាំនេះទេ នោះនឹងគ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតនៅថ្ងៃបោះឆ្នោតជាអសកលក្តី ជាសមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតសមាជិកព្រឹទ្ធសភាឆ្នាំ២០២៨។
សេចក្តីព្រាងច្បាប់ចំនួន៥បន្ថែមទៀត នឹងត្រូវបានរដ្ឋសភាបន្តពិភាក្សា និងអនុម័តនៅថ្ងៃទី២៣ ខែមិថុនាផងដែរ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តឱ្យអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០ មេហ្កាវ៉ត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០ មេហ្កាវ៉ាត់ ខេត្តកោះកុង ដោយក្រុមហ៊ុនខ្មែរ អេឡិក ទីខល ផៅវ័រ។
សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺ ព្រះអាទិត្យ អានុភាព ៨០ មេហ្កាវ៉ាត់ ខេត្តព្រៃវែង។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថោក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០ មេហ្កាវ៉ត់ ខេត្តពោធិ៍សាត់។
សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នើថោក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្តស្វាយរៀង។
ជាមួយគ្នានេះ រដ្ឋសភានឹងពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នើថោក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង៕