ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាំងពីឆ្នាំ១៩៩៤ ក្នុងទំហំជំនួយវិស័យមីនជាង ២០០លានដុល្លារ និងស្នើសុំឲ្យរាជរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រលើការងារបោសសម្អាតនៅខេត្តពោធិ៍សាត់។
លោក លី ធុជ ស្នើដូចនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន។
លោកក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ ក្នុងទំហំជំនួយវិស័យមីនជាង ២០០លានដុល្លារអាមេរិកដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រួមមាន គម្រោងសមាហរណកម្មបោសសម្អាតមីន ជួយរងគ្រោះដោយសារមីន ជំនួយសម្ភារបច្ចេកទេសបោសសម្អាតមីន កិច្ចសហប្រតិបត្តិការបច្ចេកទេស កម្មវិធីហ្វឹកហ្វឺន South-South Cooperation និងគម្រោងហ្វឹកហ្វឺនមន្រ្តីជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែន។
ទន្ទឹមនោះ លោក លី ធុជ ក៏បានស្នើសុំឲ្យរាជរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រដល់អង្កភាពស៊ីម៉ាក់ លើការងារបោសសម្អាតនៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយជាខេត្តអស់មីន។
លោកបានលើកឡើងឱ្យដឹងថា ការសម្រេចបាននូវសមិទ្ធផលការងារបោសសម្អាតមីន រយៈពេល ៣០ឆ្នាំ នៅកម្ពុជា គឺមិនអាចខ្វះបានទេពីការចូលរួមគាំទ្រយ៉ាងសកម្មពីប្រទេសជប៉ុន ដែលជាដៃគូដ៏លេចធ្លោមួយ។
ជាមួយគ្នានេះ លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចំណងទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំមកនេះ ហើយជប៉ុនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរស្វែងរកសន្តិភាព និងទ្រទ្រង់ដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។
ក្នុងឱកាសនោះដែរ លោក Ueno Atsushi ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ជប៉ុន ដែលទំនាក់ទំនងនេះបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ឯកអគ្គរាជទូតជប៉ុនរូបនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ ហើយប្រទេសជប៉ុន នៅតែបន្តគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌កម្ពុជា និងបន្តគាំទ្រដល់គម្រោងកម្មវិធីសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) ជាមួយអង្គភាពស៊ីម៉ាក់ តាមរយៈ JICA ជាពិសេសហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែន ក៏ដូចជាបណ្តាប្រទេសដទៃទៀត តាមសំណូមពរជាក់ស្តែង៕