ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងសាធារណការបរិច្ចាគថវិកាពីការលក់ស្លាកលេខពិសេសចំនួន ២០ម៉ឺនដុល្លារដល់មន្ទីរពេទ្យចំនួន២

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបរិច្ចាគថវិកាដែលប្រមូលបានពីការលក់ស្លាកលេខឡានពិសេសផ្ទាល់ខ្លួនចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ ដោយបរិច្ចាគក្នុងមួយមន្ទីរពេទ្យ ចំនួន ១០ម៉ឺនដុល្លារអាមេរិក។

ថវិកា ២០ម៉ឺនដុល្លារត្រូវបានរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគល់ជូនមន្ទីរពេទ្យជាតិទាំងពីរនេះនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ថវិកាចំនួន ២០ម៉ឺនដុល្លារដែលបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ គឺជាថវិកាដែលបានមកពីការរៀបចំប្រគំតន្ត្រីដើម្បីពិធីអបអរសាទរខួប៣ឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការលេខពិសេសផ្ទាល់ខ្លួន នៅសួនច្បារវត្តបទុមវតី កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ កន្លងមក។

កាលឆ្នាំ២០២០ ក្រសួងក៏បានបរិច្ចាគថវិកាពីការលក់ស្លាកលេខឡានពិសេសចំនួន ២០ម៉ឺនដុល្លារប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដែលនេះជាការបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផាជាលើកទី២ហើយ។

បើតាមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រសួងសាធារណការចាប់ផ្តើមលក់ស្លាកលេខឡានពិសេសផ្ទាល់ខ្លួននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងបានលក់ស្លាកលេខឡានពិសេសផ្ទាល់ខ្លួនបានចំនួន ១៩ ០០០ស្លាក ដែលទទួលបានចំណូល ៣៣លានដុល្លារអាមេរិក។ ចំណែកលេខឡានពិសេស (រាជធានី-ខេត្ត) លក់បានចំនួន ២២៨ ០០០ស្លាក ទទួលបានចំណូល ៦២លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានប្រាប់ឱ្យដឹងថា តាំងពីដាក់លក់ស្លាកលេខឡានពិសេស និងស្លាកលេខឡានពិសេសផ្ទាល់ខ្លួនសរុបថវិកាបាន ៩៥លានដុល្លារអាមេរិកគឺបានប្រគល់ជូនរដ្ឋ ដោយថវិកាមួយចំនួនបានរំលែកបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា និងកសាងផ្ទះសម្រាប់យុទ្ធជន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក