ប៉ៃលិន៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលលោក ហ៊ុន ម៉ាណែត បានរម្លឹកដល់ក្រុមការងារយុវជនបក្សក្នុងខេត្តប៉ៃលិនពីភាពចាំបាច់នៃសមាជិកបក្សម្នាក់ៗត្រូវប្រកាន់យកដើម្បីជួយដល់បក្សប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ។
ថ្លែងក្នុងពិធីសំណេះសំណាលកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តប៉ៃលិនលោក ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនគ្រប់ស្រទាប់វណ្ណៈសុទ្ធតែមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូលជាពិសេសដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ គឺត្រូវតែជាធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើ ជំនាញ ការច្នៃប្រឌិត និងឧត្តមគតិស្នេហាជាតិ។
លោកបានផ្ដាំផ្ញើដល់សមាជិកយុវជនបក្សថា ដើម្បីឱ្យកម្ពុជាអាចឆាប់បានសម្រេចបានគោលដៅធំៗកាន់តែឆាប់ត្រូវមាន«ឆន្ទៈ ស្គាល់អត្តសញ្ញាណ និង មានក្តីសង្ឃឹម»។
លោកបានបញ្ជាក់ថា មានឆន្ទ:គឺមានគោលដៅច្បាស់លាស់មានកម្លាំងចិត្ត ដើម្បីជម្នះឧបសគ្គ និងការលំបាក សំដៅឆ្ពោះទៅសម្រេចគោលដៅ។
លោកថា៖ «ដូចគ្នានេះមានឆន្ទ:ជួយបក្ស គឺមានគោលដៅធ្វើឱ្យបក្សកាន់តែខ្លាំង, កាន់តែរឹងមាំ និងកាន់តែអាចមានឱកាសបម្រើប្រជាពលរដ្ឋក្នុងរយ:ពេលយូរអង្វែង»។
លោក ហ៊ុន ម៉ាណែត បន្ថែមទៀតថា ការស្គាល់អត្តសញ្ញាណ គឺស្គាល់ថាខ្លួនឯងជាអ្នកណា និងមានគុណតម្លៃអ្វី ខណៈដែលអត្តសញ្ញាណរបស់បក្ស គឺ «របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន» និងត្រូវមានក្ដីសង្ឃឹម ទិដ្ឋិនិយមអំពីអ្វីដែលយើងកំពុងធ្វើ និងត្រូវធ្វើសកម្មភាពនានា ដើម្បីជ្រោមជ្រែងបក្ស, នាំបក្សទៅរកភាពជោគជ័យក្នុងការដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនេះលោកក៏បានរម្លឹកពីនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ផងដែរដែលបានកសាងឡើងវិញបាននូវដួងព្រលឹងឯកភាពជាតិ ដែលបានបាត់បង់អស់រាប់ជំនាន់មកហើយមករួមរស់ជាមួយគ្នាក្នុងប្រទេសតែមួយ ដូច្នេះ យើងមិនត្រូវភ្លេចឡើយនូវតថភាពប្រវត្តិសាស្រ្តនេះ ហើយក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជាគឺត្រូវមានទស្សនៈមោះមុតក្នុងការការពារគ្រឹះសន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ ពីព្រោះថាសន្តិភាព គឺជាអ្វីដែលយុវជនរៀមច្បងបានចូលរួមលះបង់ និងខិតខំរកដោយលំបាកបំផុត៕