
លោក ហ៊ុន ម៉ាណែត៖ សម្តេចតេជោនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាវីរជនដែលបានរំដោះជាតិឱ្យរួចផុតពីរបបសាហាវយង់ឃ្នង
បាត់ដំបង៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ រួមនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាវីរជនដែលបានរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបសាហាវយង់ឃ្នង ប៉ុល ពត ហើយក្នុងរយៈពេលប្រមាណ ៤៤ឆ្នាំ មកនេះក៏បាននៅបន្តការពារ និងបម្រើប្រជាជន និងមិនបោះបង់ចោលប្រជាជនទ្បើយ ទោះក្នុងកាលៈទេសៈលំបាកបំផុតយ៉ាងណាក៏ដោយ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត មានប្រសាស៍ថា៖ «ទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា»។
លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការដឹងគុណចំពោះសមិទ្ធផល ដែលយុវជនរៀមច្បងបានតស៊ូ លះបង់ និងបន្សល់ទុកឱ្យរហូតមកដល់បច្ចុប្បន្ន និងប្តេជ្ញាចិត្ត រួមកម្លាំងយកជ័យជម្នះនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដើម្បីថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ និងបន្តអភិវឌ្ឍឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត លើមូលដ្ឋាននៃម្លប់រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ និងការប្រកាន់ខ្ជាប់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការធានាការពារសន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និងវិបុលភាព ហើយក៏អាចនិយាយបានថា គឺជាគណបក្សតែមួយគត់ ដែលតែងបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីជាតិនិងប្រជាជន។
លោកបានលើកឡើងថា ការទទួលបាននូវទំនុកចិត្តរបស់ប្រជាជន គឺដោយសារគណបក្សបានកសាងសមិទ្ធផលជាច្រើនជូនជាតិទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតផងដែរ។
លោកសង្កត់ធ្ងន់ថា ក្នុងនាមជាកោសិកាបន្តវេនរបស់គណបក្ស គឺចាំបាច់ត្រូវបន្តនូវស្មារតី ប្រពៃណីគំរូវីរភាព និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់បក្ស ព្រមជាមួយនឹងការបន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អរឹងមាំ ដើម្បីរក្សាប្រៀបឈ្នះរបស់បក្ស និងភាពសុខសាន្តរបស់ប្រជាជនជានិច្ចនិរន្តរ៍៕