វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្តេច ស ខេង៖ ការធ្វើវិសោធនកម្ម ការបោះឆ្នោតគឺស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញកម្ពុជា មិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្មការបោះឆ្នោត ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា ហើយក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃកម្ពុជានោះទេ។

សម្ដេចក្រឡាហោម ស ខេង ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ជួបប្រជុំជាមួយ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) លោក ប៉ែន បញ្ញា ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត នៅវិមានរដ្ឋសភា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចបានឱ្យដឹងថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជា ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ហើយប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់ ក្នុងនាមជាពលរដ្ឋល្អ និងជាម្ចាស់ប្រទេសជាតិ ដោយបានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិ។

សម្ដេចក្រឡាហោមបានបញ្ជាក់ដែរថា ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការស្នើសុំធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។

សម្តេចលើកឡើងថា ពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចម្បងរបស់ពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវខ្ពស់នៅក្នុងសង្គមប្រជាធិបតេយ្យ។

សម្ដេចបញ្ជាក់ទៀតថា ក្នុងករណីដែលពុំបានអនុវត្តនូវសិទ្ធិបោះឆ្នោត ដោយគ្មានមូលហេតុសមស្រប ពលរដ្ឋនោះមិនគួរគប្បីចាត់ទុកជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានឡើយ ហើយវិសោធនកម្មនេះក៏បានកំណត់ផងដែរថា បុគ្គលណាដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឱ្យខូចខាតដល់កិច្ចដំណើរការនៃការបោះឆ្នោត ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវប្រឈមនឹងការដកហូតជាបណ្តោះអាសន្ននូវ សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ឬការហាមឃាត់មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ។

យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កម្ពុជាប្រកាន់យករបបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក