ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្លូវជាតិលេខ២៣ ក្នុងស្រុកកោះធំ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញក្នុងទឹកប្រាក់ជិត ២២លានដុល្លារ

កណ្តាល៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកការដ្ឋានលើកកម្រិត និងជួសជុលផ្លូវជាតិលេខ២៣ ស្ថិតក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន តំណាងដ៏ខ្ពង់ខ្ពស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ផ្លូវជាតិលេខ២៣ មានប្រវែងជិត ២០គីឡូម៉ែត្រ ដែលឆ្លងកាត់ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងលើកកម្រិត និងជួសជុលផ្លូវជាតិលេខ២៣ គ្រោងចំណាយថវិកាប្រមាណ ២១,៦៨លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ ដោយជួសជុលក្នុងរយៈពេល ២៤ខែ។

ទេសរដ្ឋមន្ត្រី បានលើកឡើងថាកំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ ទិសដៅរាជធានី ភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយ ផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយ បណ្តាញ ខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ។

ទេសរដ្ឋមន្ត្រី ថ្លែងបន្តថា តម្លៃនៃសន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជាមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យទាំងអស់ដែលផ្តល់សេវាដល់ពលរដ្ឋ ដូចជា សេវាសុខាភិបាល សេវាអប់រំ និងសេវាសង្គម ទៅតាមគោលការណ៍ សមធម៌ និងអត្ថប្រយោជន៍ជាច្រើនទៀត។

នាយិកាធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី យូតសាណា វ៉ាម៉ា (Mrs. JYOTSANA VARMA) បានលើកឡើងថា ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តកម្ចីចំនួន ៨២លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់បើកការដ្ឋានលើកកម្រិត និងជួសជុល ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងខេត្តព្រៃវែង និងផ្លូវជាតិលេខ២៣ ស្ថិតក្នុងខេត្តកណ្តាល។ លោកស្រីបញ្ជាក់ថា ADB នឹងបេ្តជ្ញានៅតែបន្តជួយដល់កម្ពុជាជាបន្តទៀត។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា គម្រោងជួសជុលផ្លូវជាតិលេខ២៣នេះ នឹងជួយសម្រួលការធ្វើដំណើរ កាត់បន្ថយចំណាយលើការដឹកជញ្ជូនទំនិញផ្សេងៗ និងជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសវៀតណាម។

ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ភាពជោគជ័យ និងសមិទ្ធផលគួរជាទីមោទនៈទាំងឡាយ ដែលសម្រេចបានមកនៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ គឺជាស្នាដៃដែលបានមកពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បម្រើជាតិ និងប្រជាជនពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងជួររាជរដ្ឋាភិបាល»

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការអភិវឌ្ឍរីកចម្រើននៅកម្ពុជាអាចសម្រេចទៅបាន គឺអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយផងដែរ ដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក