ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

BREAKING NEWS: រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យមានដំណើរការភោជនីយដ្ឋាន និងអាហារដ្ឋានដោយត្រូវធានាសុវត្ថិភាព

ភ្នំពេញ៖ ភោជនីយដ្ឋាន អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទាន ក្នុងបរិវេណទីតាំងរបស់ខ្លួនបាន។ នេះបើតាមសេចក្ដីណែនាំថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែសីហា។

អភិបាលបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់ក្នុងសេចក្តីណែនាំថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឱ្យគ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែត្រូវប្រកបអាជីវកម្មរបស់ខ្លួនត្រឹមតែជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួល ទាននៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ”។

នៅថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានអាចដំណើរការទទួលភ្ញៀវឡើងវិញបាន ដោយត្រូវធានាវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គមអាចដំណើរការ អាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទូលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនបាន ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជន ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយ ត្រូវចៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ក្នុងបរិវេណអាជីវកម្មដ្ឋាននីមួយៗ។


អភិបាលរាជធានីភ្នំពេញ បានប្រកាសហាមដាច់ខាតមិនត្រូវលក់ គ្រឿងស្រវឹង ឬអនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ ខ្លួនឡើយ ជាពិសេសត្រូវអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពអាជីវកម្ម នៅចន្លោះម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) និងត្រូវអនុវត្តតាមខ្លឹមសារទាំងឡាយ ដែលបានកំណត់ក្នុងសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។


ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានណែនាំំឱ្យអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើ អនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ឃួង ស្រេង បានណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តាគោលដៅសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ដើម្បីធានាការ អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងសណ្ឋាគារ ឬ ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានណាមួយ អនុវត្តមិនបានត្រឹមត្រូវ ឬ អនុវត្តខុសពីខ្លឹមសារនៃសេចក្តី ណែនាំនេះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពី ម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយណែនាំដល់គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែ ត្រូវប្រកបអាជីវកម្មរបស់ខ្លួនត្រឹមតែជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ៖ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួល ទាននៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ»។

ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញថ្ងៃនេះ យោងលើការពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជន ជាពិសេសគណៈគ្រប់គ្រងសណ្ឋាគារ និងម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានដែលមានស្ដង់ដារ- អនាម័យ បានចូលរួមអនុវត្តលើការងារនេរបានល្អប្រសើរ និងដើម្បីជាការជំរុញចរន្តសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃការវិធានការរដ្ឋបាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក