លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនមានភាពត្រឹមត្រូវខាងនយោបាយ និងមានធនធានមនុស្សប្រកបដោយគុណធម៌

កំពង់ឆ្នាំង៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ ព្រមជាមួយនឹងបទពិសោធន៍ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់។

លោក ហ៊ុន ម៉ាណែត បានអះអាងដូច្នេះនៅក្នុងជំនួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ឆ្នាំងនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

លោកបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជាដែលបានការពារឯករាជ្យ សន្តិភាព ប្រឆាំងការជ្រៀតជ្រែងរបស់បរទេស តស៊ូរំដោះជាតិពីរបប លន់ នល់ តស៊ូផ្តួលរំលំរបប ប៉ុល ពត ស្តារកសាងប្រទេសពីបាតដៃទទេថែរក្សាសន្តិភាពតាមរយៈការទប់ស្កាត់បដិវត្តន៍ពណ៌ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាបក្សនៃនគរទេវតា កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ សំដៅធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខរបស់ប្រទេសកម្ពុជា។

លោកថ្លែងថា៖ «សារបេះដូងរបស់ម្ចាស់ឆ្នោត នឹងត្រូវបានផ្ញើចេញដោយយោងទៅគោលនយោបាយរបស់បក្ស និងសមិទ្ធផលវិជ្ជមានដែលកើតមានឡើងក្នុងរយៈកាលប្រមាណ ៤៤ឆ្នាំកន្លងមកនេះ បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសការការពារ និងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលរាតត្បាតនៃកូវីដ-១៩»។

លោកថ្លែងឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះ ឬអាចបំពេញគ្រប់តម្រូវការនោះទេ ខណៈដែលប្រទេសជាតិកំពុងអភិវឌ្ឍរីកចម្រើនទៅមុខ ហើយតម្រូវការរបស់ប្រជាពលរដ្ឋក៏កំពុងកើនឡើង។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា អាចធានាបាននូវសន្តិភាព និងលំនឹងស្ថិរភាពទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឱ្យជីវភាពរស់នៅប្រកបដោយភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន។

លោកថ្លែងថា៖ «ជារួម គណបក្សប្រជាជន ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ ព្រមជាមួយនឹងបទពិសោធន៍ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់»។

លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យសកម្មជនយុវជនបក្ស ត្រូវរៀបចំខ្លួន និងផ្នត់គំនិត ដើម្បីបង្កើនសមត្ថភាព និងភាពចាស់ទុំទាំងផ្នែកនយោយបាយ និងសីលធម៌-គុណធម៌ ដើម្បីបង្កើនឥទ្ធិពល និងទាក់ទាញកម្លាំងគាំទ្រជូនគណបក្ស សំដៅរួមគ្នាបម្រើបុព្វហេតុ និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន។

លោកអះអាងថា៖ «ដើម្បីក្លាយខ្លួនជាសកម្មជនយុវជនបក្ស គឺសុទ្ធតែបានឆ្លងកាត់ការជ្រើសរើសសម្រិតសម្រាំងច្បាស់លាស់ ទាំងផ្នែកសមត្ថភាពចំណេះដឹង ឆន្ទៈ មនសិការ ជាពិសេស អត្តចរិតប្រកបដោយសីលធម៌-គុណធម៌ ដែលសុទ្ធសឹងជាលក្ខណៈសម្បត្តិជាទីទុកចិត្ត និងស័ក្តិសមជាកម្លាំងប្រតិបត្តិករដ៏ស្មោះត្រង់ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក