ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ៖ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ជាក្រុងថ្មីរបស់ខេត្តកណ្តាល មិនត្រូវកាត់ចូលជាក្រុងរបស់រាជធានីភ្នំពេញទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថាក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ជាក្រុងដែលបង្កើតថ្មីសម្រាប់ខេត្តកណ្តាល មិនត្រូវកាត់ចូលជាក្រុងរបស់រាជធានីភ្នំពេញនោះទេ។

ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «សូមបញ្ជាក់ ក្រុងអរិយក្សត្រអត់មានឱ្យភ្នំពេញទេ បង្កើតក្រុងមួយ [….] ឥលូវយើងបង្កើតក្រុង២នៅខេត្តកណ្តាល ក្រុងសំពៅពូន នៅកោះធំ និងក្រុងអរិយក្សត្រមួយ»

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយសម្រេចបង្កើតក្រុងថ្មីគឺ «ក្រុងអរិយក្សត្រ» ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងនោះ ឃុំចំនួន៦នៃស្រុកខ្សាច់កណ្តាលដែលត្រូវកាត់ចេញទៅជាក្រុងអរិយក្សត្រគឺមាន ឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ។ ឃុំចំនួន៥នៃស្រុកល្វាឯមក៏ត្រូវកាត់ទៅឱ្យក្រុងអរិយក្សត្រផងដែរ គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។

បើតាមអនុក្រឹត្យ ក្រុងអរិយក្សត្រ នឹងក្លាយជាក្រុងទី២នៃខេត្តកណ្តាល បន្ទាប់ពីក្រុងតាខ្មៅ។ ក្រុងអរិយក្សត្រមានសង្កាត់ចំនួន១១ គឺសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ។

ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដូចគ្នា ដែលបានសម្រេចបង្កើតក្រុង «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្ដី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។ បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឃុំចំនួន៥នៃស្រុកកោះធំ នឹងកាត់យកដើម្បីបង្កើត «ក្រុងសំពៅពូន» ថ្មីដែលឃុំទាំង៥នោះនឹងក្លាយជាសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ ជ្រោយតាកែវ និងសង្កាត់សំពៅពូន ឯសម្រាប់ទីតាំងរដ្ឋបាល ក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។

គូសបញ្ជាក់ដែលថា ខេត្តកណ្តាលគឺមានក្រុងចំនួន៣ គឺក្រុងសំពៅពូន ក្រុងអរិយក្សត្រ និងក្រុងតាខ្មៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក