សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលខិតខំបង្កលក្ខណៈតាមគ្រប់លទ្ធភាព ដើម្បីឱ្យប្រជាជនសម្រេចនូវក្តីស្រមៃរបស់ខ្លួន

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំបង្កលក្ខណៈតាមគ្រប់លទ្ធភាពដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចបំពេញនូវសក្តានុពល និងសម្រេចនូវក្តីស្រមៃរបស់ខ្លួនតាមរយៈការដាក់ចេញនូវគោលនយោបាយរបបសេដ្ឋកិច្ចទីផ្សារសេរី កម្មសិទ្ធិឯកជន ការលើកកម្ពស់វិស័យអប់រំ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើនឱកាសការងារជូនដល់ប្រជាជន។

លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងនាមតំណាងឱ្យនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ និងសហគ្រាសមកពីខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងខេត្តតាកែវ នាថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣។

មេបញ្ជាការកងទ័ពជើងគោកបានអះអាងថា ការសម្តេចតេជោចុះទៅជួបសំណេះសំណាលជាមួយកម្មករ និងនិយោជិតផ្ទាល់គឺរាជរដ្ឋាភិបាលដើម្បីចង់ដឹងពីសុខទុក្ខ និងដើម្បីដោះស្រាយបញ្ហា និងសំណូមពរផ្សេងៗរបស់កម្មករ និងនិយោជិត ដែលនេះជាទម្លាប់ការងាររបស់សម្តេចដែលតែងតែធ្វើកន្លងមក។

លោកបន្ថែមថា ម្យ៉ាងទៀតនេះជាទម្លាប់ចុះមូលដ្ឋានរបស់សម្តេច ដោយឈរលើឆន្ទៈ និងមនសិការនៃផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់ពេលវេលា ដើម្បីសំដៅកែលម្អបំពេញបន្ថែមចំណុចខ្វះខាត និងសម្រេចចិត្តឱ្យចំគោលដៅ តាមរយៈការជួបសាកសួរផ្ទាល់ជាមួយនឹងអ្នកទទួលផលជាក់ស្តែងពីគោលនយោបាយដែលបានដាក់ចេញនីមួយៗ។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ទិសស្លោក «អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង» ដែលជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍប្រទេសដែលមានគោលដៅធ្វើឱ្យប្រជាជនមានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់នូវសិទ្ធិសេរីភាព ជីវភាព សុខសន្តិភាព និងសេចក្តីសុខសុភមង្គល ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការរៀបចំផែនការជីវិតសម្រាប់អនាគតរបស់ខ្លួន។

លោកបន្ថែមទៀតថា ក្នុងនាមជាអាណាព្យាបាល រាជរដ្ឋាភិបាលបានខិតខំបំពេញនូវកិច្ចការជាច្រើន ជាអាទិ៍ ទី១ បានខិតខំបង្កើតការងារតាមរយៈការទាក់ទាញ និងបង្កលក្ខណៈដល់អ្នកវិនិយោគ ដើម្បីឱ្យពួកគេមកបណ្តាក់ទុននៅកម្ពុជា ជាប្រយោជន៍ដើម្បីជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ទី២ បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អ្នកវិនិយោគ និងកម្មករ-និយោជិត តាមរយៈការដាក់ចេញនូវគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តដល់ការប្រកបធុរកិច្ចរបស់អ្នកវិនិយោគ ក៏ដូចជាគោលនយោបាយគាំពារសង្គមបម្រើឱ្យសុខុមាលភាពរបស់កម្មករ-និយោជិត។ ទី៣ គឺការខិតខំប្រឹងប្រែងបំពេញការងាររបស់ប្រធានរដ្ឋបាល និងប្រធានផ្នែកនៅតាមរោងចក្រ-សហគ្រាស គឺអាចជាគុណតម្លៃមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈការជួយដល់វិនិយោគិនក្នុងការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន និងការទាក់ទាញវិនិយោគិនថ្មីៗមកបន្ថែមទៀត។

លោកបន្តទៀតថា ចំពោះការលើកកម្ពស់វិស័យការងារ គឺរាជរដ្ឋាភិបាលត្រូវឈរលើកត្តាចំនួន៣ សំខាន់គឺ បរិមាណ គុណភាព និងសមធម៌ ដោយ ទី១. បរិមាណ សំដៅដល់ការរុញការវិនិយោគឱ្យទៅដល់មូលដ្ឋាន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការរស់នៅរបស់កម្មករ-និយោជិត។ ចំពោះកត្តាទី២. គុណភាព សំដៅទៅលើប្រភេទនៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមានយុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង ការផ្តល់ឱកាសដល់កម្មករ-និយោជិតទទួលបានបៀរវត្ស និងអត្ថប្រយោជន៍ល្អប្រសើរ ព្រមទាំងមានលទ្ធភាពបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែខ្ពស់ ការការពារសិទ្ធិ និងការយកចិត្តទុកដាក់លើសុខមាលភាពរបស់កម្មករ-និយោជិត ការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងសហគមន៍ និងការចូលរួមពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ។ ចំណែក ទី៣. សមធម៌ សំដៅទៅលើការថែរក្សានូវសុខដុមនីយកម្ម នៃទំនាក់ទំនងរវាងនិយោជក និងនិយោជិត ដែលប្រៀបបាននឹងប្តីប្រពន្ធ ហើយរាជរដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយ-អាណាព្យាបាល ដោយក្នុងនេះចាំបាច់ត្រូវយកចិត្តទុកដាក់លើកការគាំពារសិទ្ធ អត្ថប្រយោជន៍ និងការពង្រឹងការទទួលខុសត្រូវរបស់ភាគីនិយោជក និងនិយោជិត ក្នុងក្របខ័ណ្ឌច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក