ក្រិច៖ យោងតាមសារព័ត៌មានFox News ឱ្យដឹងថា ឧបទ្ទវហេតុលិចកប៉ាល់ដឹកជនភៀសខ្លួននៅ សមុទ្រមេឌីទែរ៉ាណេ បណ្តាលឱ្យមនុស្ស៧៩នាក់ស្លាប់ ខណៈស្នងការសហភាពអឺរ៉ុបថាការលិចទូកនៅមេឌីទែរ៉ាណេ ជាសោកនាដកម្មដ៏អាក្រក់បំផុតមិនធ្លាប់មាន។
ស្នងការសហភាពអឺរ៉ុបសម្រាប់កិច្ចការផ្ទៃក្នុង លោក Ylva Johansson ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែលកាលពីថ្ងៃសុក្រថា៖ «យើងមិនទាន់មានព័ត៌មានទាំងអស់អំពីអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែវាហាក់បីដូចជានេះជាសោកនាដកម្មដ៏អាក្រក់បំផុតដែលមិនធ្លាប់មានដែលយើងបានឃើញនៅសមុទ្រមេឌីទែរ៉ាណេ» ។
កប៉ាល់ដែលលិចនេះបានធ្វើដំណើរពីទីក្រុង Tobruk ប្រទេសលីប៊ី ទៅកាន់ប្រទេសអ៉ីតាលី ហើយបានលិចកាលពីដើមសប្តាហ៍នេះ នៅក្នុងសមុទ្រនៃប្រទេសក្រិកដោយសារតែមិនអាចទ្រទម្ងន់បាន។ ដោយឡែក ចំនួនមនុស្សដែលមិនអាចកំណត់បាន ក្នុងចំនួនរាប់រយនាក់នៅតែបាត់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានអោយដឹងថា ភ្នាក់ងារជួយសង្គ្រោះបានជួយសង្គ្រោះអ្នកដំណើរជាង ១០០នាក់ និងបានរកឃើញសាកសពប្រហែល ៧៩មកទល់ពេលនេះ ដោយអ្នកនៅរស់រានមានជីវិតអះអាងថា មានមនុស្សរហូតដល់ ៧៥០នាក់នៅលើទូកដែលលិចនោះ។
គួរឱ្យដឹងដែរថា អង្គការសហប្រជាជាតិបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនចំណាកស្រុកជាង ៧ម៉ឺន នាក់បានមកដល់ប្រទេសនៅតំបន់មេឌីទែរ៉ាណេជួរមុខរបស់អឺរ៉ុប ដូចជាក្រិក អ៉ីតាលី អេស្បាញ និងស៊ីប នៅឆ្នាំនេះ ខណៈមនុស្សជិត ១ ០០០ នាក់ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់ ឬបាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេមកទល់ពេលនេះ៕