
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាស្នើភាគីចិនពង្រីកបន្ថែមការហោះហើរត្រង់ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានស្នើទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានានៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា។
លោក ថោង ខុន ស្នើដូចនេះក្នុងជំនួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន លោក រ៉ាវ ឈាន (Rao Quan) នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដោយបញ្ជាក់ថាហើយចំពោះទីក្រុងណាដែលទាំងមិនទាន់ការហោះហើរមកកម្ពុជា ក៏សូមបង្កើតឱ្យមានការហោះហើរត្រង់មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាក៏បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត ពិសេសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ ឆាប់ៗខាងមុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។
ជាមួយគ្នានេះ លោក រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ក៏ដូចជាព័ត៌មាននៃកិច្ចពិភាក្សានេះជូនទៅកាន់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការពិចារណាជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជាបន្ថែមទៀត។
លោកក៏បានលើកឡើងពីបំណងចង់ពង្រីកជើងហោះហើរត្រង់ពីទីក្រុងដែលមានការហោះហើរត្រង់មកកាន់កម្ពុជាស្រាប់ និងរៀបចំឱ្យមានជើងហោះហើរត្រង់ថ្មីសម្រាប់អាកាសយានដ្ឋានដែលមិនទាន់មានការហោះហើរត្រង់ជាមួយគ្នា។
ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការពង្រីកបន្ថែមជើងហោះហើរត្រង់រវាងប្រទេសទាំងពីនេះ គឺជាកាលនុវត្តភាពមួយក្នុងការទាក់ទាញរំហូរទេសចរពីប្រទេសចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាទេសចរមកពីប្រទេសផ្សេងទៀតដែរ៕