ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ នៃគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈTelegram Channel សម្តេច នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គង់ រ៉ៃយ៉ា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
ជាមួយគ្នានេះដែរ សម្តេចក៏បានភ្ជាប់មកនូវវីដេអូ និងលិខិតសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក គង់ រ៉ៃយ៉ា ដែលក្នុងលិខិតនោះបានបញ្ជាក់ថា ដោយសារលោក គង់ រ៉ៃយ៉ា សូមការអនុញ្ញាតអំពីសម្តេចតេជោ ដើម្បីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារលោកមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំ ប្រទេសជាតិដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ដែលដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ប្រជាជន រស់នៅដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោក គង់ រ៉ៃយ៉ា ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ដែលមានចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការស្វែងរកសន្តិភាពដោយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា នៅក្រោមគោលនយោបាយឈ្នះៗ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវតែចង់ចាំនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា៕