រតនគីរី៖ ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្តមានគំនិតផ្ដួចផ្ដើមរៀបចំយុទ្ឋនាការ «ដំរីមួយ ជួយថវិកាពីរពាន់រៀល» ក្នុងគោលបំណងដើម្បីស្វែងរកការគាំទ្រមូលនិធិប្រាក់ឧបត្ថម្ភពីសប្បុរសជនសម្រាប់ ទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តីដែលកំពុងជួបការខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីយុទ្ធនាការ «ដំរីមួយជួយថវិកាពីរពាន់រៀល» សម្រាប់ទិញចេកមួយស្និត ឬអំពៅមួយដើម គឺជាយុទ្ធនាការមួយដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងស្វែងរកការបរិច្ចាគទោះតិចក្ដី ច្រើនក្ដី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តាចាត់ចែងសម្រាប់ការទិញចំណីដំរី ព្យាបាលដំរី និងសកម្មភាពអភិរក្សផ្សេងៗ។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ការចូលរួមមូលនិធិឧបត្ថម្ភពីសប្បុរសជនទាំងអស់គ្នា គឺជាការចូលរួមចំណែកការពារ អភិរក្សសត្វដំរី និង ការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រនៅកម្ពុជា ជាពិសេសគឺជាការចូលរួមចំណែក មួយយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាព។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្ត អំពាវនាវដល់ ថ្នាក់ដឹកនាំ មន្ត្រី រាជការក្រសួងទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សាធារណៈជន និងសប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគមូលនិធិឧបត្ថម្ភដល់សមាគមឱ្យបានផុសផុល តាមរយៈប្រព័ន្ធគណនីធនាគារ ABA (001 674 633) និងប្រព័ន្ធគណនីធនាគារអេស៊ីលីដា (15255639) ឬតាមរយះការស្កេន QR Code ដូចមានភ្ជាប់។
ក្រសួងទេសចរណ៍បានបញ្ចាក់ថា សមាគមអភិរក្សដំរីអៃរាវត្តីបាន នឹងកំពុងចូលរួមសកម្មភាពការងារសង្គម-បរិស្ថាន តាមរយះការការពារ ថែរក្សា និងអភិរក្សដំរី នៅខេត្តរតនគិរី៕