ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ឱ្យដឹងថា រយៈពេល ៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់។
លោក ថោង ខុន មានក្តីរំពឹងថាកម្ពុជាឆ្នាំ២០២៣ នេះនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណយ៉ាងតិច ១៦លាននាក់។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក ថោង ខុន បាននិយាយដូច្នេះថា៖ «ការសម្រេចបាននេះ គឺប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរំពឹងថាការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញនឹងត្រូវប្រើពេលក្នុងរង្វង់ ៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦ ក្រោមទម្រង់អក្សរ U»។
លោកថ្លែងឱ្យដឹងថា ការរៀបចំធ្វើសេចក្តីព្រាងស្តីពីផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ពិតជាមានភាពចាំបាច់ណាស់ ដោយផែនការនេះមានការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរឡើងនៃវិស័យទេសចរណ៍នៅកម្ពុជា។
លោក ថោង ខុន បានបញ្ជាក់ទៀតថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៣-២០៣៥នេះ មាន៤ជំពូក ១៣ផ្នែក ដោយដាក់ចេញនូវគោលដៅយុទ្ធសាស្រ្ដចំនួន៣ និងយុទ្ធសាស្រ្តសំខាន់ៗចំនួន១០។
លោកបន្ថែមថា ដើម្បីឱ្យផែនការយុទ្ធសាស្ត្រជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់ លោក ថោង ខុន បានស្នើឱ្យក្រុមការងារដើម្បីសិក្សា និងរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ បន្តកែសម្រួលតាមធាតុចូលបន្ថែមរបស់អង្គប្រជុំ និងរៀបចំរបាយការណ៍គោរពស្នើសុំលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដើម្បីដាក់ឆ្លងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ពិនិត្យ និងសម្រេចចុងក្រោយ មុននឹងដាក់គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឬដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីផងដែរ៕