ភ្នំពេញ៖ សត្វត្មាតចំនួន ១៣១ក្បាលត្រូវបានកត់ត្រានៅក្នុងតំបន់អភិរក្សចំនួន៣ នៅក្នុងប្រទេសកម្ពុជា ដោយចំនួននេះប្រហាក់ប្រហែលនឹងលទ្ធផលជំរឿនក្នុងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅ។ យោងតាមលទ្ធផលជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះថា សត្វត្មាតដែលបានរាប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ទាំង ១៣១ក្បាលនោះរួមមានត្មាតភ្លើងចំនួន ១២ក្បាល ត្មាតផេះ ៧៧ក្បាល និងត្មាតត្មោតចំនួន ៤២ក្បាល។ ជំរឿនសត្វត្មាតនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣ រួមមានដែនជម្រកសត្វព្រៃសៀមប៉ាងខេត្តស្ទឹងត្រែងមានចំនួន ៩៣ក្បាល (ត្មាតត្នោតចំនួន ៣១ក្បាល ត្មាតផេះចំនួន ៥៦ក្បាល ត្មាតភ្លើងចំនួន ៦ក្បាល) ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ មានសត្វត្មាតចំនួន ៣១ក្បាល (ត្មាតផេះចំនួន ១៦ក្បាល ត្មាតត្នោតចំនួន ១១ក្បាល និងត្មាតភ្លើងចំនួន ៤ក្បាល) និងក្នុងព្រៃទឹកលិចទន្លេមេគង្គក្នុងខេត្តក្រចេះមានចំនួន ៧ក្បាល (ត្មាតផេះចំនួន ៥ក្បាល និងត្មាតភ្លើងចំនួន ២ក្បាល)។
លោកបានឱ្យដឹងទៀតថា ក្រុមអភិរក្សសត្វត្មាតកម្ពុជាបានរៀបចំជំរឿនសត្វត្មាតប្រចាំឆ្នាំដើម្បីរាប់ចំនួនសត្វត្មាតនៅក្នុងជម្រកធម្មជាតិក្នុងទិសដៅក្តាប់ឱ្យជាប់ចំនួនសត្វត្មាតដែលជាប្រភេទ សត្វកម្រជិតផុតពូជ និងដាក់ចុះវិធានការចាំបាច់នានាដើម្បីការពារនិងថែរក្សាសត្វត្មាតនេះឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត ហើយជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា គឺជាជំរឿនលើកទី២ ក្នុងចំណោមការងារជំរឿនសត្វត្មាត ៥ដងក្នុងមួយឆ្នាំដែលក្រុមអភិរក្សសត្វត្មាតកម្ពុជារៀបចំឡើង។
មន្ត្រីជំនាញផ្នែកអភិរក្សសត្វត្មាតនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា កញ្ញា នី ណៃគី ថ្លែងថា ការធ្វើជំរឿនសត្វត្មាតកាលពីខែមីនា កន្លងទៅបានបង្ហាញថា សត្វត្មាតមានចំនួនប្រមាណ ១០៥ក្បាល ដែលជាតួលេខល្អប្រសើរមួយដែលបង្ហាញថា ការអភិរក្សសត្វត្មាតនៅកម្ពុជាបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ។ ជំរឿនសត្វត្មាតដោយក្រុមអភិរក្សសត្វត្មាតកម្ពុជាដែលនឹងធ្វើបន្ទាប់ គឺធ្វើឡើងលើកទី៣ នៅអំឡុងខែមិថុនា នេះ និងលើកទី៤ នាខែកញ្ញា និងលើកទី៥ នាខែធ្នូ ឆ្នាំ២០២៣ មុននឹងធ្វើការបូកសរុបនិងសន្និដ្ឋានថាតើសត្វត្មាតមានចំនួនប៉ុន្មានក្នុងឆ្នាំ២០២៣។
លោក នេត្រ ភក្រ្តា ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម ការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត។
គួរឱ្យដឹងដែរថា សមាជិកស្នូល នៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមាន ក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) អង្គការ សមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុន Rising Phoenix៕