តុលាការសម្រេចដកពាក្យបណ្តឹងលើសំណុំរឿងព្រហ្មទណ្ឌ ក្រោយលោក ស ឡុងដេត ផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី
ភ្នំពេញ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដកពាក្យបណ្តឹងលើសំណុំរឿងព្រហ្មទណ្ឌ ក្រោយលោក ស ឡុងដេត បានចេញវីដេអូសុំទោស និងផ្តាច់ខ្លួនពីលោក សម រស្ស៊ី ដោយលោកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ការដកពាក្យបណ្តឹងនេះធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីបានស្នើឱ្យតុលាការបញ្ចប់រឿងក្តីលោក ស ឡុងដេត។
ក្នុងលិខិតសុំដកពាក្យបណ្តឹងរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថាដូច្នេះថា៖ «ដោយសារ មានការសុំទោសនិងទទួលស្គាល់កំហុសពីឈ្មោះ ស ឡុងដេត ក្នុងនាមមេធាវីការពារនិងតំណាងឱ្យគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៏លើកទី៣២ ឆ្នាំ២០២៣ (គ.ជ.ប.អ.) សូមធ្វើការដកពាក្យបណ្តឹងលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ៣១៧៣ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ របស់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ពីពេលនេះតទៅ»។
លោក ស ឡុងដេត ដែលជាសមាជិកគាំទ្របក្សភ្លើងទៀនត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ប្រកាសញត្តិថោ្កលទោស ក្រោយលោកបានរិះគន់ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជារឿងក្លែងក្លាយដោយមិនបានបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរទេ។
កាលពីថ្ងៃទី១៣ ខែមិថុនា លោក ស ឡុងដេត បានចេញវីដេអូសុំទោសនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះការនិយាយជ្រុលហួសលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមដែលនាំឱ្យមហាជនមានការយល់ច្រឡំ។ ជាមួយគ្នានេះ លោកបានប្រកាសថា លោកនឹងសុំលាឈប់ពីសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន និងផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ដោយមកជ្រកកោងជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
តែយ៉ាងណាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បង្ហាញការសោកស្តាយចំពោះលោក ស ឡុងដេត ដែលមិនពាក់ព័ន្ធនឹងការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាល់តែសោះ ប៉ុន្តែបែរជាពាក់អាវពណ៌ស្វាយតំណាងក្រុមការងារស្ម័គ្រចិត្តយកទៅប្រើប្រាស់ផ្សារភ្ជាប់នឹងរឿងខុសឆ្គងផ្ទាល់ខ្លួនទៅវិញ។
លោកបានលើកឡើងថា ទង្វើនេះពិតជាមិនសាកសម ហើយមិនគួរប្រព្រឹត្តទាល់តែសោះ។ លោកគូសបញ្ជាក់ថា៖ «ការចូលរួមរបស់យុវជនស្ម័គ្រចិត្តដែលចេញពីការលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទឹកចិត្តបរិសុទ្ធទាំងស្រុង សម្រាប់គុណតម្លៃ និងមោទនភាពជាតិ គួរជារឿងដែលយើងផ្តល់នូវការគោរព ស្រឡាញ់និងឱ្យតម្លៃ មិនគួរណាយកទៅប្រើប្រាស់ក្នុងចេតនាទាញចំណាប់អារម្មណ៍ ដើម្បីចំនេញផលប្រយោជន៍ និងការពាររឿងខុសឆ្គងផ្ទាល់ខ្លួន ដូចអ្វីដែលបានបង្ហោះជាសាធារណៈកន្លងមកនោះទេ»៕