
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា «គ្មានប្រភេទពន្ធលើថ្លៃការសិក្សានោះទេ» ខណៈនឹងធ្វើការត្រួតពិនិត្យស្ថាប័នអប់រំណាដែលមិនអនុវត្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថារដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានចាត់ទុកវិស័យអប់រំជាអាទិភាពថែមទៀត ការលើកឡើងថារដ្ឋយកពន្ធលើថ្លៃសិក្សាគឺការខុសឆ្គង ខណៈអគ្គនាយកដ្ឋាននិងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធចុះធ្វើការត្រូតពិនិត្យលើគ្រឹះស្ថានទាំងឡាយណាដែលអនុវត្តមិនត្រឹមត្រូវតាមច្បាប់ផងដែរ។
ក្នុងសេចក្ដីបំភ្លឺចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានបដិសេធលើសេចក្ដីជូនដំណឹងរបស់សាលារៀនខ្មែរ-ចិនអរសប្បាយសិក្សា (JOY SCHOOL) ដែលថារដ្ឋបានប្រមូល«ពន្ធលើថ្លៃសិក្សាលើសិស្ស» ចំនួន២០%ក្នុងមួយឆ្នាំៗ ដោយស្នើដល់សាលានេះកែតម្រូវខ្លឹមសារនៃលិខិតជូនដំណឹងរបស់ខ្លួនឡើងវិញ។
ជាមួយគ្នានេះអគ្គនាយករដ្ឋពន្ធដារបានបញ្ជាក់ថាការកាត់ពន្ធ២០% មិនមែនជាការកាត់ពន្ធលើថ្លៃសិក្សារបស់សិស្សទេ តែជាការកាត់លើប្រាក់ចំណូលរបស់គ្រឹះស្ថានសិក្សាផ្ទាល់។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា៖ «ដូច្នេះមិនមានការតម្រូវឱ្យអាណាព្យាបាលសិស្សានុសិស្សបង់ពន្ធលើថ្លៃការសិក្សា២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំ តាមការលើកឡើងរបស់ សាលាខ្មែរ-ចិនអរសប្បាយសិក្សានោះទេ»។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កន្លងមកសម្រាប់គ្រឹះស្ថានអប់រំរាជរដ្ឋាភិបាលបានអនុគ្រោះចំពោះពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលាភចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨ ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើ ការជួលទីតាំង ពន្ធអចលនទ្រព្យ និងប៉ាតង់៕