ភ្នំពេញ៖ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅភ្នំពេញ លោក ស ឡុងដេត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានចេញវីដេអូសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រកាសផ្តាច់ខ្លួនពីបុគ្គល សម រង្ស៉ី ព្រមទាំងស្នើសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
វីដេអូសុំទោសរបស់លោក ស ឡុងដេត ធ្វើឡើងក្រោយសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយហៅប្រធានក្រុមការងាររាជធានីភ្នំពេញគណបក្សភ្លើងទៀន លោក ស ឡុងដេត ឱ្យត្រឡប់មករាជធានីភ្នំពេញវិញខណៈដែលខំព្យាយាមរត់គេចទៅប្រទេសថៃតែមិនទាន់បានសម្រេច។
លោក ស ឡុងដេត បានចេញវីដេអូសុំទោសចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា នូវកំហុសដែលរូបលោកបានរិះគន់ និយាយជ្រុលហួសចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងប្រកាសលាឈប់ពីសមាជិកពីគណៈកម្មាការនាយកនៃគណបក្សភ្លើងទៀន ជាពិសេសថាផ្តាច់ខ្លួនចេញពីបុគ្គល សម រង្សី។
លោកថា៖ «ទង្វើកន្លងមករបស់កូនចៅ សូមអភ័យទោសចំពោះសម្តេចផង ហើយចាប់ពីថ្ងៃនេះទៅ កូនចៅសូមផ្តាច់ខ្លួន ពីបុគ្គល សម រង្ស៉ី និងសូមស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីថ្ងៃនេះទៅ»។
គួរឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលនូវការសុំទោសរបស់លោក ស ឡុងដេត និង ស្នើដល់ក្រសួងយុត្តិធម៌ធ្វើការជាមួយដើមបណ្តឹង បញ្ចប់រឿងក្តីដែលលោក ស ឡុងដេត រិះគន់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។
សម្តេចតេជោបានបង្ហោះសារតាមរយៈ Telegram Channel សម្តេចឱ្យដឹងថា៖ «ដោយសាម៉ីខ្លួនបានដឹងកំហុស និងបានសូមទោសជាសាធារណៈ ខ្ញុំស្នើរសុំដល់ក្រសួងយុត្តិធម៌ ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះ តាមវិធីដែលអាចធ្វើទៅបានដូចជាការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់»៕