ភ្នំពេញ៖ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុវត្តវិធានការបិទខ្ទប់ទៅលើបណ្តាខេត្តមួយចំនួន ក៏ដូចជាការអនុវត្តវិធានការរដ្ឋបាលនៅក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសពីការពន្យារពេល និងផ្អាកជាបណ្តោះអាសន្ននូវការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ព្រមទាំងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
បើតាមលិខិតជូនដំណឹងរបស់ CNCC ជម្រាបជូនទៅដល់បណ្តាក្លិប និងក្រុមបាល់ទាត់ខេត្តនីមួយបានឱ្យដឹងថា ក្រោយមាននូវការបិទខ្ទប់រាជធានី-ខេត្តមួយចំនួន ក៏ដូចជាស្ថានភាពកូវីដ-១៩ បំលែងថ្មីដែលតា (Delta) ក្នុងប្រទេសកម្ពុជាហាក់មានការគំរាមកំហែងខ្ពស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានសម្រេចផ្អាកការប្រកួតទាំងអស់របស់ខ្លួន រួមមានលីគកំពូល និងពានសម្តេចតេជោ ហ៊ុន សែន រហូតដល់ថ្ងៃទី១២ ខែសីហាខាងមុខនេះជាបណ្តោះអាសន្ន។ ដោយឡែក សម្រាប់កាលបរិច្ឆេទសម្រាប់ការប្រកួតបន្តនៅពេលណានោះ CNCC នឹងធ្វើការជូនដំណឹងនាពេលក្រោយ។
គួរបញ្ជាក់ថា មុននឹងប្រកាសពន្យារពេលការប្រកួតនៅពេលនេះ លីគកំពូលកម្ពុជាបានដំណើរការប្រកួតរបស់ខ្លួនចំនួន ១១សប្តាហ៍រួចទៅហើយ ហើយគ្រោងបន្តការប្រកួតសប្តាហ៍ទី១២ នៅចុងសប្តាហ៍នេះ។ ដោយឡែក សម្រាប់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិញ មិនទាន់បានបញ្ចប់ពានថ្នាក់ខេត្តរួចរាល់នៅឡើយទេ ពោលគឺការប្រកួតពានថ្នាក់ខេត្តគ្រោងនឹងបន្តនៅថ្ងៃទី០៣ ខែសីហានេះផ្ទាល់ ក្រោយពីខេត្តចំនួន ១១បានប្រកាសដកខ្លួន ដោយនៅសល់តែខេត្ត និងរាជធានីចំនួន ១០ ប៉ុណ្ណោះដែលយល់ព្រមស្ម័គ្រចិត្តបន្តការប្រកួតដែលនៅសល់៕