ពលរដ្ឋនៅក្រុងតាខ្មៅ និងជាយក្រុង នឹងលែងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ បន្ទាប់ពីសម្ពោធជាផ្លូវការនូវរោងចក្រផលិតទឹកស្អាតនៅបាក់ខែង
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងក្នុងពិធីជួបសំណេះសំណាលកម្មករ-កម្មការិនី ជិត ២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ថានៅប៉ុន្មានថ្ងៃខាងមុខនេះនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។
សម្តេចតេជោបានលើកឡើងថា៖ «នៅរដូវប្រាំង ទឹកវាខ្សោយ តែយើងបានដោះស្រាយហើយ។ ប៉ុន្មានថ្ងៃខាងមុខយើងនឹងដាក់ឱ្យសម្ពោធប្រើប្រាស់ស្ថានីយបូមទឹកបាក់ខែង សម្រាប់ផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញ ជាមួយនឹងទីក្រុងតាខ្មៅ។ យើងនឹងកសាងស្ថានីយ៍បូមទឹកបន្ថែមសម្រាប់ការប្រើប្រាស់របស់ប្រជាជន»។
សូមរំលឹកថា នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនេះ ជាកន្លែងផលិតទឹកស្អាតធំមួយនៅកម្ពុជាដោយក្នុងមួយថ្ងៃមានសមត្ថភាពផលិតទឹកស្អាត ៤០ម៉ឺនម៉ែត្រគូប ដោយបច្ចុប្បន្នតម្រូវការប្រើប្រាស់ទឹកកើនឡើងជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈក្នុងមួយថ្ងៃអាចផលិតទឹកស្អាតបានតែ ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៤ តទៅ អាចផលិតទឹកស្អាតប្រមាណជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យអ្នកនៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅទាំងអស់នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដោយលែងខ្វះខាតទឹកប្រើប្រាស់ទៀតហើយ៕