ភ្នំពេញ៖ មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងប្ដេជ្ញាបង្កើនការឯកភាព និងសាមគ្គីផ្ទៃក្នុងរបស់កងទ័ព និងត្រៀមរួចរាល់ក្នុងការកម្ទេចការប៉ុនប៉ងទាំងឡាយណាដែលបំផ្លាញនូវសុខសន្ដិភាព ស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅក្នុងរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ម៉ៅសុផាន់ បានថ្លែងថារាល់ការចង់បង្កើតបដិវត្តន៍ព័ណ៌ទាំងអស់នៅកម្ពុជានិងត្រូវវាយបំបាក់ឱ្យអស់។
លោកថា៖ «ប្ដេជ្ញាវាយកម្ទេចការប៉ុនប៉ងបំផ្លាញនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ និងវាយបំបាក់រាល់ឧបាយកលចង់បង្កើតឱ្យមានបដិវត្តន៍ព័ណ៌នៅលើមាតុភូមិកម្ពុជា និងប្រឆាំងដាច់ខាត់ការជ្រៀតជ្រែកកិច្ចការផ្ទះក្នុងពីមជ្ឍដ្ឋានខាងក្រៅ»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការសាមគ្គីភាពជាតិ ឯកភាពជារឿងដែលសំខាន់ក្នុងការថែរក្សាឱ្យបានគង់វង្សនូវកត្តាសុខសន្ដិភាព ភាពសុខដុមនីយ និងសុខមាលភាពប្រជាជាតិខ្មែរ។ សម្ដេចបន្ថែមថាមានសន្ដិភាពទើបអាចធ្វើឱ្យប្រទេសរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
សម្ដេចតេជោថា៖ «តាមរយៈនេះយើងអាចមើលឃើញអំពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់កងយុទ្ធពលខេរមភូមិន្ទដែលបានបូជាសាច់ស្រស់ឈាមស្រស់ហ៊ានធ្វើពលិកម្មដល់ជីវិតក្នុងការបំពេញបេសកម្មដ៏ឧត្តមរបស់ខ្លួនក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល»។
ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនៅឆ្នាំ១៩៧០ បន្ទាប់ពីលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីអំណាច។ សង្គ្រាមនេះបានបន្តដល់ចុងឆ្នាំ១៩៩៨ទើបកម្ពុជាអាចរកសន្ដិភាពបានវិញតាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃដែលប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុងដែលនាំមកនូវសន្ដិភាពពេញលេញ និងឯកភាពជាតិទាំងស្រុង ដែលផ្ដល់ឱកាសឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។ នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាស្ថាបនិកនៃសន្ដិភាពនៅកម្ពុជាតែងតែប្រកាសជារឿយៗថាប្ដេជ្ញាថែរក្សាសន្ដិភាពដែលរកបានដោយលំបាកនេះឱ្យខានតែបានទោះក្នុងតម្លៃណាក៏ដោយ៕