សម្តេចតេជោ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្លាយជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានមោទកភាពដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាលើកដំបូងបញ្ចប់ដោយភាពជោគជ័យត្រចេះត្រចង់ ហើយធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មការិនីរោងចក្រជាង ១ម៉ឺននាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ស៊ីហ្គេមនៅកម្ពុជាបានក្លាយជាកេរ្តិ៍ឈ្មោះប្រវត្តិសាស្ត្រ ដែលទុកឱ្យកូនចៅជំនាន់ក្រោយទទួលផលថា ដូនតា (របស់យើង) ធ្វើស៊ីហ្គេម ធ្វើប៉ារ៉ាហ្គេមអត់យកលុយអ្នកណាមួយរៀលទេ»។
សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នេះដោយមិនគិតថ្លៃសូម្បីមួយកាក់មួយសេន ដែលធ្វើឱ្យកម្ពុជាទទួលបាននូវការកោតសរសើរនៅប្រទេសអាស៊ាន និងទូទាំងពិភពលោកដែលមានសារព័ត៌មានល្បីល្បាញលើពិភពលោកបានចុះផ្សាយអំពីកម្ពុជា។
សម្តេចតេជោបានថ្លែងថា៖ «លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះមិនអាចចាយអស់ទេ»។
ថ្លែងនៅក្នុងពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បានប្រកាសថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាទាំងពីរនេះ កម្ពុជានឹងត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍កីឡាមួយទៀតកាន់តែធំ គឺកីឡាយុវជនអាស៊ីលើកទី០៥ នៅឆ្នាំ២០២៩ ខាងមុខនេះបន្ទាប់ពីទទួលសិទ្ធិពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។
ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន លោក Osoth Bhavilai បានលើកឡើងនៅក្នុងពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមថា កម្ពុជាបានរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមប្រកបដោយជោគជ័យ និងទទួលស្វាគមន៍អត្តពលិកជនមានពិការភាពប្រកបដោយភាពកក់ក្តៅ បើទោះបីកម្ពុជាទើបតែរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះជាលើកទី១។
លោក Osoth Bhavilai បានថ្លែងថា៖ «ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ប្រកបដោយមនោសញ្ជេតនា មិត្តភាពដ៏ជ្រាលជ្រៅ អ្វីៗទាំងអស់នេះបានបង្គប់ក្នុងបេះដូងយើងគ្រប់គ្នា»។
លោកបានអរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអ្នកស្ម័គ្រកម្ពុជាទាំងអស់ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអត្តពលិកជនមានពិការភាពទាំងអស់ដែលធ្វើឱ្យប្រទេសអាស៊ានចងចាំមិនអាចនឹងបំភ្លេចបានឡើយ។
លោកថ្លែងថា៖ «គឺអ្នកដែលនាំមកនូវសោមនស្សរីករាយ នាំមកនូវភាពកក់ក្តៅ និងមិត្តភាពដ៏ជ្រាលជ្រៅបំផុត សូមថ្លែងអំណរគុណដល់អ្នកគាំទ្រ និងប្រជាជនកម្ពុជា ដោយសារការគាំទ្ររបស់អ្នកបានជំរុញកម្លាំងថាមពលឆ្ពោះទៅរកភាពជ័យលាភីដល់អត្តពលិកជនមានពិការភាព»។
គូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាទទួលបានចំណាត់ថ្នាក់ទី៨ ក្នុងតារាងមេដាយ ដោយកម្ពុជាទទួលបានមេដាយសរុបចំនួន៧១ ក្នុងនោះមេដាយមាស៩ មេដាយប្រាក់១៨ និងមេដាយសំរឹទ្ធ៤៤។ ចំពោះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កម្ពុជាឈរក្នុងតារាងមេដាយទី៤ ដោយមានមេដាយសរុបចំនួន២៨២ មេដាយមាស៨១ មេដាយប្រាក់៧៤ ហើយមេដាយសំរឹទ្ធ១២៧៕