នាយករដ្ឋមន្ត្រីផ្ដល់ថវិកា ៥លានរៀលដល់គ្រួសារមួយដែលកើតបានកូនភ្លោះក្នុងពេលដែលសម្ដេចអញ្ជើញជួបកម្មករនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ថវិកាចំនួន ៥លានរៀលដល់គ្រួសារមួយ ដែលឆ្លងទន្លេកើតបានកូនភ្លោះក្នុងពេលដែលសម្ដេចអញ្ជើញទៅជួបកម្មករក្នុងខេត្តកំពង់ឆ្នាំង។
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោថា កាលពីម្សិលមិញសម្ដេចបានភ្លេចបន្ទាប់ពីទទួលបានព័ត៌មានពីអភិបាលខេត្តកំពង់ឆ្នាំង រាយការណ៍ជូន ក៏ប៉ុន្តែនៅព្រឹកនេះសម្ដេចបានឲ្យជំនួយការយកថវិកា ៥លានរៀលជូនគ្រួសារនោះហើយ។
សម្ដេចថា៖ «ព្រឹកមិញបានព័ត៌មានជាក់លាក់ថាកូនហ្នឹងកើតអត់គ្រប់ខែហើយអត់គ្រប់គីឡូទេ។ អញ្ចឹងបានព័ត៌មានថាកូនហ្នឹងត្រូវបានឪពុកយកទៅភ្នំពេញដាក់ក្នុងកែវ»។
នេះជាលើកទី២ ហើយដែលសម្ដេចតេជោអញ្ជើញមកជួបកម្មករនៅក្នុងខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២៣ បន្ទាប់ពីថ្ងៃម្សិលមិញសម្ដេចបានអញ្ជើញជួបជិត ២ម៉ឺននាក់ផងដែរ៕