(ព្រះសីហនុ) រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចដើម្បីកំណត់ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកំពុងមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជា“តំបន់ក្រហម ក្នុងគោលបំណងធានាដល់ការអនុវត្តសេចក្ដីសម្រេច និងវិធានការនានារបស់ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបន្តទៀតថា ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី៨-១៩ នៅក្នុងសហគមន៍ រដ្ឋបាល ខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ-តំបន់ក្រហម ត្រូវតែផ្តល់កិច្ចសហការចុះឈ្មោះជាមួយក្រុមការងារដែលកំពុងចុះស្រង់ឈ្មោះនៅតាមផ្ទះ ក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាសនៅ ក្នុងក្រុម ភូមិរបស់បងប្អូន និងត្រូវទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ -១៩ ដល់មន្ត្រីសុខាភិបាល នៅតាមទីតាំង និងពេលវេលាតាមការជូនព័ត៌មានរបស់ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ច។ ក្រោយពេលបានផ្តល់វត្ថុសំណាករួចហើយ ត្រូវដាក់ខ្លួនធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវរយៈពេល ១៤ថ្ងៃ តាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់។
ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការណ៍ ឬគេចវេះមិនព្រមទៅផ្តល់វត្ថុសំណាកដើម្បីធ្វើតេស្តរកមេរោគ កូវីដ-១៩ និងមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំនេះនឹងត្រូវទទួលទោសដូចមានកំណត់នៅក្នុងច្បាប់ស្ដីពីវិធានការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕