ក្រុមហ៊ុនចិនសន្យាបញ្ជូនក្រុមអ្នកបច្ចេកទេសមកសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឲ្យបានកាន់តែឆាប់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមសាជីវកម្មស្ពានថ្នល់ចិន លោក លោកទូហ្វី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ។
ក្នុងជំនួបនោះលោក ទូហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់កិត្តិយសជាគណៈអធិបតី បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿន ភ្នំពេញទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត។
ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានគោរពប្ដេជ្ញាចិត្ត ថាក្រុមហ៊ុននឹងជំរុញការ សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិតឲ្យបានលឿន តាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេស មកធ្វើការសិក្សា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង ការរីករាយជាមួយនឹងវត្តមានរបស់ក្រុមហ៊ុន នៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើនជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ។
សម្ដេចតេជោ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿនដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា៕