ភ្នំពេញ៖ កីឡាការិនីជនមានពិការភាព វ៉ិត ចន្ថា ក្លាយជាកីឡាការិនីដ៏ឆ្នើមដែលម្នាក់ឯងដណ្តើមបានមេដាយមាសចំនួន៣គ្រឿងលើប្រភេទកីឡាអត្តពលកម្ម បើគិតត្រឹមថ្ងៃទី០៧ ខែមិថុនា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម កីឡាការិនី វ៉ិត ចន្ថា ទទួលបានមេដាយមាសមួយគ្រឿងលើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាលោតចម្ងាយនារី T64 ហើយទទួលបានមេដាយមាស២គ្រឿងទៀតលើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ និងចម្ងាយ២០០ម៉ែត្រ។
កីឡាការិនី វ៉ិត ចន្ថា កាលពីប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ដណ្តើមបានមេដាយមាសចំនួន២គ្រឿង។
គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាឈរលេខរៀងទី៧ ក្នុងតារាងប្រទេសដែលទទួលបានមេដាយ កម្ពុជាទទួលបានមេដាយសរុបចំនួន៤៣ មាសចំនួន៦ ប្រាក់១២ និងសំរឹទ្ធ២៥។
គូសរំលឹកថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៧ ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាមានតែកីឡាករ វ៉ាន់ វ៉ុន ម្នាក់ប៉ុណ្ណោះដែលបានឈ្នះមេដាយមាស៣គ្រឿង៕