៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

គ.ជ.ប៖ បុគ្គលដែលរារាំងដល់ដំណើរការបោះឆ្នោត នឹងប្រឈមផ្លូវច្បាប់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឱ្យបញ្ឈប់សកម្មភាពរារាំងដំណើរការបោះឆ្នោត។ គ.ជ.ប អំពាវនាវបែបនេះ ក្រោយពីប៉ុន្មានថ្ងៃចុងក្រោយនេះមានបុគ្គលមួយចំនួនបានឃោសនាតាមបណ្តាញសង្គមដោយប្រាប់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលដោយសារគ្មានវត្តមានគណបក្សភ្លើងទៀនក្នុងសន្លឹកឆ្នោត។

គ.ជ.ប បញ្ជាក់ថា ការឃោសនាបែបនេះ គឺជាការរំលោភបំពានលើមាត្រា១៤២នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀត ចំពោះជនណាដែលប្រព្រឹត្តគ្រប់មធ្យោបាយទុច្ចរិតដូចជាការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន ធ្វើឱ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាសជាដើម។

គ.ជ.ប បន្ថែមថា យុទ្ធនាការនេះ ក៏ប្រាសចាកទៅនឹងព្រះរាជសារអំពាវនាវ ឱ្យទៅបោះឆ្នោតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

គ.ជ.ប អំពាវនាវដល់បុគ្គលទាំងឡាយដែលមានចេតនាទុច្ចរិតឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលផ្ទុយពីខ្លឹមសារនៃច្បាប់ ខណៈគ.ជ.ប នឹងវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះបុគ្គលដែលរំលោភលើច្បាប់ស្តីការបោះឆ្នោតថ្នាក់ជាតិ។

ជាមួយគ្នានេះ គ.ជ.ប ក៏បានអំពាវនាវពលរដ្ឋគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសម្រាប់ដឹកនាំប្រទេសទៅកាន់ភាពរីកចម្រើនទៅមុខបន្ថែមទៀត។

គូសបញ្ជាក់ថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩។

គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹកនឹងយកទៅចែកចាយនៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងជាង ១លានសន្លឹកទៀតសម្រាប់បម្រុងទុក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក