ភ្នំពេញ៖ កម្ពុជាបានបញ្ជូនរថយន្តរថពាសដែកចំនួន ១៤គ្រឿង និងសម្ភារប្រើប្រាស់ចំនួន ៥កុងទឺន័រ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។
រថយន្តរថពាសដែកចំនួន ១៤គ្រឿង និងសម្ភារប្រើប្រាស់ចំនួន ៥កុងទឺន័រ នាថ្ងៃទី០៦ ខែមិថុនា ត្រូវបានបញ្ជូនទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយបន្តដឹកទៅតាមនាវាផ្សេងៗនៅថ្ងៃទី០៨ ខែមិថុនា។
រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា រថយន្តរថពាសដែកទាំងនោះនឹងដឹកទៅដល់សាធារណរដ្ឋម៉ាលី នៅពាក់កណ្តាលខែសីហា ខាងមុខនេះ។
លោកបន្ថែមថា រថយន្តរថពាសដែក និងសម្ភារទាំងអស់នេះ គឺសម្រាប់បំពេញបន្ថែមទៅលើរថយន្ត និងសម្ភារ ដែលមានស្រាប់កំពុងបម្រើការងារបេសកកម្ម។
អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានប្រាប់ឱ្យដឹងថា រថយន្តរថពាសដែកចំនួន ១៤គ្រឿងនោះ គឺ៤គ្រឿងជារថយន្តពេទ្យ និង១០គ្រឿងទៀតសម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការបេសកកម្ម។
លោក សែម សុវណ្ណនី បានបញ្ជាក់ថា ការដែលបញ្ជូនរថយន្តប្រភេទរថពាសដែកទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលីនេះ ដោយសារនៅទីនោះ មានក្រុមឧទ្ទាម តែងពួនស្ទាក់ដាក់បង្កៃគ្រាប់កែច្នៃ ឬគ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។
គូសបញ្ជាក់ថា កងកម្លាំងកម្ពុជាមានចំនួនជាង ៣០០នាក់ ចែកចេញជា ២កងអនុសេនាធំ គឺកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងកម្លាំងវិស្វកម្មព្រលានយន្តហោះ៕