ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានទទួលព័ត៌មានថាមានជនខិលខូចបានបន្លំខ្លួនជានិយោជិតរបស់អគ្គិសនីកម្ពុជា ឬជាបុគ្គលិកអគ្គិសនីឯកជន ឆបោកឱ្យពលរដ្ឋបង់ថ្លៃ ផ្ទេរប្រាក់តាមរយៈវីង ឬតាមមធ្យោបាយនានា សម្រាប់ប្រើប្រាស់អគ្គិសនីប្រចាំខែ ឬថ្លៃប្តូរនាឡិកាស្ទង់ (កុងទ័រ) ប្តូរឌីស្យុងទ័រ ឬប្តូរបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីចៀសវាងការផ្អាក ការផ្គត់ផ្គង់ចរន្ត ឬការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។
អាជ្ញាធរអគ្គិសនីកម្ពុជាអំពាវនាវពលរដ្ឋ កុំចាញ់បោកជនខិលខូច ឬបុគ្គលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ហើយត្រូវជូនដំណឹងទៅអគ្គិសនីកម្ពុជា (EDC) ឬអ្នកកាន់អាជ្ញាបណ្ណ អគ្គិសនីឯកជន ដើម្បីមានវិធានការតាមផ្លូវច្បាប់។
អាជ្ញាធរអគ្គិសនីកម្ពុជាបញ្ជាក់ថា រាល់ការបង់ប្រាក់ថ្លៃប្រើប្រាស់អគ្គិសនី ឬបង់ប្រាក់ថ្លៃសេវាផ្សេងៗ លុះត្រាតែមានវិក្កយបត្រ និងមានបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា ឬរបស់អ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន។ បើពុំមានឯកសារទាំងនោះទេ សូមកុំបង់តាមឱ្យសោះ ជៀសវាងការខាតបង់ប្រាក់ជាយថាហេតុ៕