ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅដល់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអភិបាលខេត្តនានា ដែលមានដីព្រៃរដ្ឋឲ្យចាត់វិធានការជាបន្ទាន់ទៅលើអ្នករំលោភលើដីព្រៃ។
ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងឱកាសនៃកម្ពុជារវល់ក្នុងការរៀបចំការបោះឆ្នោត ជានិច្ចកាលក្រុមជនខិលខូចដែលរំលោភដីព្រៃរដ្ឋបានកើតឡើងជាញឹកញយ។
សម្ដេចតេជោ បានបញ្ជាទៅដល់ក្រសួងពាក់ព័ន្ធនិងអភិបាលខេត្តដែលមានបញ្ហាទាំងអស់នេះឲ្យចាត់វិធានការជាបន្ទាន់ទៅលើអ្នកដែលរំលោភដីព្រៃរដ្ឋទាំងអស់នោះ។
សម្ដេចថា៖ «យើងមិនអាចលើកលែងឬយោគយល់ ដើម្បីតែសន្លឹកឆ្នោតពីមនុស្សប៉ុន្មាននាក់នេះទេ។»។
ថ្ងៃនេះនាយករដ្ឋមន្ត្រីថា នឹងមិនអត់អោនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះទេ ទោះបីជាពួកគេមានបុណ្យស័ក្កិធំយ៉ាងណាក៏ដោយ៕