ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះមួយបានផ្តល់ជម្រកដល់សត្វព្រៃជិត១ពាន់ក្បាលនៅកម្ពុជា

សៀមរាប៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ជាមជ្ឈមណ្ឌលអភិរក្សធម្មជាតិដំបូងគេក្នុងប្រទេសកម្ពុជា បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃ និងជីវចម្រុះនៅកម្ពុជា ដែលបានផ្តល់ជម្រកដល់សត្វព្រៃចំនួន៩៦៥ក្បាល ក្នុងចំណោមសត្វចំនួន៣០ប្រភេទ។

ACCB មានទីតាំងនៅជើងភ្នំក្បាលស្ពាន ឧទ្យានជាតិព្រះស្រីវរ្ម័ន នរោត្តម-ភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានបំណងក្លាយទៅជាចំណុចបង្គោលសម្រាប់សកម្មភាពអភិរក្សសត្វព្រៃ និងបរិស្ថាននៃប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០២២ សត្វព្រៃដែលរងការគំរាមកំហែងចំនួន ៥៨ ក្បាល ត្រូវបានជួយសង្គ្រោះ ហើយសត្វព្រៃដែលរងការគំរាមកំហែងចំនួន ៩៣ ក្បាល ត្រូវបានលែង និង សត្វព្រៃចំនួន ១០ ក្បាលត្រូវបានផ្ទេរទៅឱ្យអង្គការដៃគូ ដោយឡែកសត្វចំនួន១៨៥ ក្បាលបានកើតនៅក្នុងកន្លែងអភិរក្ស។

នាយិកាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) កញ្ញា Christel Griffioen បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៥មក គម្រោងបានផ្តោតសំខាន់ទៅលើប្រភេទសត្វកម្រ និង ជិតផុតពូជ ដោយបានអភិរក្សសត្វពូជប្រភេទសត្វអណ្តើក៦ប្រភេទ និង សត្វបក្សី៦ប្រភេទដែលសុទ្ធជាប្រភេទសត្វកម្រ។

កញ្ញាថា៖«ប្រភេទសត្វដែលយើងបានបង្កាត់ពូជមានច្រើនតែខ្ញុំសុំលើកប្រភេទសំខាន់ៗដូចជាការបង្កាត់ពូជប្រភេទសត្វត្រយងចង្កំកស ដែលជាគម្រោងបង្កាត់ពូជជោគជ័យ និង គម្រោងបង្កាត់ពូជសត្វខ្សឹប អណ្តើកហ្លួងដែលជាល្មូនតំណាងជាតិ មានអណ្តើកព្រិច ឬអណ្តើកភ្នំ អណ្តើកបិទមុខ អណ្តើកតោង និងអណ្តើកផ្សេងៗទៀត»។

សត្វភាគច្រើនដែលមកដល់ ACCB ត្រូវបានជួយសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់។ សត្វដែលមកដល់ថ្មីត្រូវបានពិនិត្យមើលរបួស និងជំងឺ ហើយត្រូវការព្យាបាលប្រសិនបើចាំបាច់។ ក្រោយជាសះស្បើយធម្មតាសត្វទាំងនោះត្រូវដាក់ឱ្យនៅដាច់ពីគេ ក្នុងរយៈពេលជាច្រើនសប្តាហ៍សម្រាប់ថនិកសត្វ និងសត្វស្លាប សម្រាប់សត្វល្មូនគឺរហូតដល់ច្រើនខែ ដើម្បីធានា និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ ហើយសត្វទើបនឹងកើតត្រូវបានចិញ្ចឹមដោយដៃ ដូចជាកូនសត្វគ្រៀលជាដើម។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានឱ្យដឹងថាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានដើរតួនាទីសំខាន់ក្នុងការចូលរួមការពារ និង អភិរក្សសត្វព្រៃ ជាពិសេសសត្វព្រៃប្រភេទកម្រ និងជាកន្លែងបង្កាត់ពូជសត្វ ព្រមទាំងផ្តល់ការសង្គ្រោះ ថែទាំចំពោះសត្វដែលរងគ្រោះដោយការដាក់អន្ទាក់ផងដែរ។

លោកជឿជាក់ថាកិច្ចការងាររបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះនឹងចូលរួមបន្ថែមទៀតដើម្បីបង្កាត់ពូជសត្វកម្រៗ ដើម្បីបង្កើនចំនួនសត្វនៅក្នុងព្រៃធម្មជាតិ ដោយបង្កាត់ បន្សាំក្នុងជម្រកក្រៅធម្មជាតិ ហើយយកទៅលែងក្នុងព្រៃធម្មជាតិ។

គួរឱ្យដឹងដែរថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បង្កើតឡើងដោយគោលបំណងចំបងគឺ ដើម្បីលើកកម្ពស់ការជួយសង្គ្រោះ ផ្តល់កន្លែងស្តារនីតិសម្បទា អប់រំផ្សព្វផ្សាយ និង សិក្សាស្រាវជ្រាវ ព្រមទាំងដោះលែងសត្វព្រៃកម្ពុជា ដោយធានាការថែរក្សានូវស្តង់ដារដែលទទួលស្គាល់ជាអន្តរជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក