ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថាការលើកលែងពន្ធគ្រប់យ៉ាងលើកលែងតែអាវុធពីសហភាពអឺរ៉ុបមកកម្ពុជាអាចនឹងបាត់បង់នៅឆ្នាំ២០២៧ ក្នុងពេលនៅកម្ពុជាបានបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួច។
ក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុងគងពិសី ខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈការដកហូតពន្ធ ២០% ពីកម្ពុជាក្នុងប្រព័ន្ធ EBA កាលពីកន្លងទៅ គឺបានបង្ហាញពីភាពធន់នៃការនាំចេញផងដែរ ដូច្នេះយូរនឹងឆាប់ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ១០០% ពីកម្ពុជានឹងកើតមានហើយកម្ពុជានៅតែរក្សាបាននូវភាពធន់ទាំងនេះ។
សម្ដេចថា៖ «អាមិនបង់ពន្ធក៏យើងនាំទៅបានអាបង់ពន្ធក៏យើងនាំទៅបានវាគ្រាន់តែចំណេញតិចជាង»។
កម្ពុជាមានគម្រោងក្នុងការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់ខ្លួននៅឆ្នាំ២០២៨ ដើម្បីសម្រេចបាននូវស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការពង្រីកទីផ្សារទៅក្រៅប្រទេសដែលរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដែលបានសម្រេចរួចកន្លងមក៕