កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានឹងមិនស្នើសុំលើកលែងទោសឲ្យកញ្ញា សេង ធារី នោះទេដោយសារតែមានការជ្រៀតជ្រែកពីបរទេស។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកណាទាំងអស់ដែលត្រូវបានបរទេសអន្តរាគមន៍ឲ្យលើកលែងទោសនិងមិនត្រូវបានលើកលែងទោសនោះទេ។
សម្ដេចបានលើកឡើងដោយមិនចំឈ្មោះដោយហៅថាជាអប្សរាក្បាលត្រងោល តែទំនងសំដៅទៅកាន់កញ្ញា សេង ធារី ដែលមុនការចាប់ខ្លួនមានកញ្ញាបានស្លៀកពាក់ជាតួអង្គអប្សរានិងកោរសក់។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កញ្ញា សេង ធារី ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ នៅក្នុងសំណុំរឿង «រួមគំនិតក្បត់» ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្នុងខេត្តព្រះវិហារ៕