នាយករដ្ឋមន្ត្រីផ្ដាំទៅតំណាងពិសេសសិទ្ធិមនុស្ស UN នៅកម្ពុជាឲ្យក្រឡេកមើលពីបញ្ហាសិទ្ធមនុស្សនៅប្រទេសខ្លួនជាងកម្ពុជា
កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត្យ មុនថាប៊ុន (Vitit Muntarbhorn) ឱ្យក្រឡេកមើលពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកគឺប្រទេសថៃមុននឹងនិយាយអំពីកម្ពុជា។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយស្នើឲ្យលោក មុនថាប៊ុន ត្រូវនិយាយនូវការពិតពីកម្ពុជា និងសូមយកព័ត៌មានពីរាជរដ្ឋាភិបាលកម្ពុជាទៅផង។
សម្ដេចថា៖ «ខ្ញុំមិនចង់ឲ្យអ្នកឯងនិយាយលើសពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទេ។ហើយខ្ញុំក៏មិនចង់ឲ្យអ្នកឯងលើកសរសើរខ្ញុំលើស និងនិយាយខុសពីការពិតនៅកម្ពុជាដែរ»។
ជាមួយគ្នានោះសម្ដេចក៏បានផ្ដាំទៅលោក មុនថាប៊ុន ថាសូមឱ្យលោកនិយាយពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកផងជាជាងតែនិយាយអំពីសិទ្ធិមនុស្សនៅកម្ពុជា។
នេះមិនមែនជាលើកទីមួយទេដែលនាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតបទៅលើអ្នករាយការណ៍ពិសេសសិទ្ធមនុស្សអង្គការសហប្រជាជាតិ ជាក់ស្ដែងកាលពីដើមឆ្នាំ២០១៤ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានឆ្លើយតបបែបនេះទៅកាន់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក ស៊ូបាឌី ផងដែរ៕