
ក្រសួងការងារស្នើចិនជួយបណ្តុះបណ្តាលលើការគ្រប់គ្រងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារក្នុងវិស័យឧស្សាហកម្មរ៉ែ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យភាគីចិនជួយបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ច និងបង្គោល រយៈពេលយូរពាក់ព័ន្ធនឹងឧស្សាហកម្មរ៉ែបន្ថែមទៀត លើការគ្រប់គ្រងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារដល់អ្នកធ្វើការក្នុងឧស្សាហកម្មរ៉ែ។
សំណើនេះ ត្រូវបានក្រសួងការងារស្នើឡើងក្នុងឱកាសជួបពិភាក្សាការងាររវាងរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ុយ ហាន់សុង និងប្រតិភូក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក អ៊ូ យានអ៉ី (WU Yanyu) អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
រដ្ឋលេខាធិការក្រសួងការងារ លោក ហ៊ុយ ហានសុង បានលើកឡើងថា ស្របពេលកម្ពុជាកំពុងរីកចម្រើនលើវិស័យរ៉ែ និងឧស្សាហកម្មរ៉ែកើតឡើងជាបន្តបន្ទាប់ ក្រសួងការងារត្រូវការពង្រឹងអធិការកិច្ចលើផ្នែកនេះជាចាំបាច់ ដើម្បីសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ខណៈក្រសួងចុះធ្វើអធិការកិច្ចច្រើនមកហើយលើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ វិស័យសេវាកម្ម និងវិស័យសំណង់។
ទីប្រឹក្សាក្រសួង និងជាប្រធាននាយកពេទ្យការងារ លោក ឡេង តុង បានលើកឡើងថា អធិការកិច្ចការងារ ជាការងារដែលសំខាន់ដើម្បីធ្វើយ៉ាងណាលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងការងារ និងកាត់បន្ថយគ្រោះថ្នាក់ការងារផងដែរ។
លោកថ្លែងថា៖ «យើងចង់ឱ្យមានការបណ្ដុះបណ្ដាលរយៈពេលវែងតែម្ដង ដើម្បីឱ្យគ្រូរបស់យើង ជាគ្រូដែលមានគុណភាពខ្ពស់ មន្ត្រីអធិការកិច្ចរបស់យើង ជាមន្ត្រីដែលមានសមត្ថភាពខ្ពស់ ជួយលើកកម្ពស់នៅក្នុងការងារនេះ»។
លោកបន្ថែមថា នៅខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ មជ្ឈមណ្ឌលអាស៊ាន-ចិននឹងរៀបចំឱ្យមានវេទិកាគ្រប់គ្រងគ្រោះមហន្តរាយនៅទីក្រុងប៉េកាំងប្រទេសចិន ហើយក៏អញ្ជើញភាគីក្រសួងការងារកម្ពុជាចូលរួមផងដែរ។
ក្រសួងសង្ឃឹមថា តាមរយៈការចូលរួមវេទិកាគ្រប់គ្រងគ្រោះមហន្តរាយនៅទីក្រុងប៉េកាំងប្រទេសចិននៅចុងឆ្នាំខាងមុខនេះ នឹងទទួលបានព័ត៌មាន និងកិច្ចសហប្រតិបត្តិការ សំដៅផ្លាស់ប្ដូរបទពិសោធន៍ពង្រឹងផ្នែកអធិការកិច្ច និងសុវត្ថិភាព និងសុខភាពការងារបន្ថែមទៀត។
តំណាងភាគីចិន លោកអគ្គនាយករង អ៊ូ យានអ៊ី បានបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយនេះ ក៏ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» របស់លោកប្រធានាធិបតី ស៉ី ជីនពីង ដែរ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសចិន និងប្រទេសដែលគាំទ្រកិច្ចសហប្រតិបត្តិការនេះ ពង្រឹងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាការគ្រប់គ្រងគ្រោះមហន្តរាយកាន់តែប្រសើរឡើង៕