នាយករដ្ឋមន្រ្តីសិង្ហបុរីតេស្តវិជ្ជមានកូវីដ-១៩សាជាថ្មី ក្រោយទទួលលទ្ធផលអវិជ្ជមានកាលពីថ្ងៃអាទិត្យ
សិង្ហបុរី៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ សាជាថ្មីម្តងទៀត ដែលជាការលាប់ឡើងវិញនៃជំងឺកូវីដ-១៩។ គួរឱ្យដឹងថា នាយករដ្ឋមន្រ្តីសិង្ហបុរីបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ជាលើកដំបូងកាលពីថ្ងៃទី២២ ខែឧសភា បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង និងកេនយ៉ា និងបានបញ្ជាក់ថា លោកបានតេស្តអវិជ្ជមានឡើងវិញកាលពីថ្ងៃទី២៨ ខែឧសភា ហើយអះអាងថាលោកអាចត្រឡប់មកបំពេញការងារបានជាធម្មតា។
យ៉ាងណាក្ដី បើតាមការបង្ហោះសារនៅលើបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី០១ ខែមិថុនានេះ លោកនាយករដ្ឋមន្រ្តី Lee បានបញ្ជាក់ថា៖ "ខ្ញុំមានអារម្មណ៍ល្អ ប៉ុន្តែខ្ញុំខ្លាចថាខ្ញុំប្រែជាវិជ្ជមាន COVID-19 ម្តងទៀត។ វេជ្ជបណ្ឌិតរបស់ខ្ញុំបាននិយាយថា នេះគឺជាអាការៈលាប់កូវីដ ដែលអាចកើតមានឡើងក្នុងអត្រា ៥ ទៅ ១០ភាគរយចំពោះអ្នកជំងឺកូវីដ-១៩"។
គួរឱ្យដឹងថា នាយករដ្ឋមន្រ្តីសិង្ហបុរីរូបនេះបច្ចុប្បន្នមានវ័យ ៧១ឆ្នាំទៅហើយ ដែលលោកបាននិយាយថាការឆ្លងលើកទី២នេះនៅតែអាចកើតមាន បើទោះបីជាហានិភ័យមិនខ្ពស់ដូចជាការឆ្លងលើកដំបូងក៏ដោយ។ លោកបន្ថែមថា ក្រុមគ្រូពេទ្យរបស់លោកបានណែនាំឱ្យលោកបន្តនៅដាក់ខ្លួនដាច់ដោយឡែក និងព្យាបាលរហូតដល់មានការធ្វើតេស្តអវិជ្ជមានឡើងវិញដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Antigen Rapid Test)។ ការិយាល័យនាយករដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា លោក Lee Hsien Loong នឹងសម្រាកព្យាបាលនៅផ្ទះ។
ក្នុងអំឡុងពេលអវត្តមានរបស់លោកនាយករដ្ឋមន្រ្តី Lee Hsien Loong លោកឧបនាយករដ្ឋមន្ត្រី Lawrence Wong នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទី។ លោក Wong នឹងទទួលបន្ទុកក្នុងការទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី Anthony Albanese សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៨ របស់មេដឹកនាំសិង្ហបុរី-អូស្ត្រាលី នាថ្ងៃសុក្រស្អែកនេះ។
លោក Lee បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកបានទន្ទឹងរង់ចាំចូលរួមក្នុងពិធីឧទ្ទិសបូជានៃប្រាសាទ Sri Thendayuthapani ប៉ុន្តែឥឡូវនេះច្បាស់ណាស់ថាលោកនឹងត្រូវខកខានចូលរួមព្រឹត្តិការណ៍នេះ។ លោកបានមានប្រសាសន៍ថា "ខ្ញុំសូមអភ័យទោសចំពោះអ្នករៀបចំ និងអ្នកដែលចូលរួមក្នុងពិធីនេះ ខ្ញុំសូមជូនពរឱ្យអ្នកឧទ្ទិស និងប្រារព្ធពិធីនេះទទួលបានជោគជ័យ និងពោរពេញដោយអំណរសាទរ"៕