អារ៉ាប៊ីសាអូឌីត៖ កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានអវត្តមានពីការប្រកួតបិទបញ្ចប់លីគកំពូលអារ៉ាប៊ីសាអូឌីតរបស់ក្លិប Al Nassr ដែលបានយកឈ្នះក្លិបបាល់ទាត់ Al Fateh ក្នុងលទ្ធផល ៣-០ នៅយប់ថ្ងៃពុធម្សិលមិញនេះ ដោយសារបញ្ហារបួស។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ខាងលើសម្រេចចិត្តមិនអង្គុយនៅកៅអីបម្រុងឡើយ ក្នុងការប្រកួតបិទបញ្ចប់រដូវកាលរបស់ក្លិប Al Nassr ជាក្លិបដែលកីឡាករវ័យ ៣៨ឆ្នាំរូបនេះបានចូលរួមកាលពីខែមករាកន្លងទៅ ជាមួយកិច្ចសន្យាដែលប៉ាន់ស្មានដោយសារព័ត៌មានធំៗថាមានតម្លៃប្រមាណ ២០០លានអឺរ៉ូ។
ក្នុងរដូវកាលដំបូងជាមួយ Al Nassr កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះស៊ុតបញ្ចូលទីបាន ១៤គ្រាប់ពីការបង្ហាញខ្លួន ១៦ប្រកួត និងបានបង្ហាញខ្លួនពេញ ៩០នាទីគ្រប់ការប្រកួតទាំងអស់់ចាប់តាំងពីចូលរួមជាមួយក្លិប លើកលែងតែការប្រកួតទល់នឹងក្លិប Al-Ettifaq កាលពីខែមុនដែលបានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ និងចុងក្រោយអវត្តមានក្នុងការប្រកួតបិទបញ្ចប់រដូវកាលនេះតែម្តង។
គួររំឮកថា ក្លិប Al Nassr បានបញ្ចប់រដូវកាលដោយគ្មានឈ្នះពានរង្វាន់អ្វីសោះ និងបានត្រឹមចំណាត់ថ្នាក់ជើងឯករងលីគកំពូលអារ៉ាប៊ីសាអូឌីត តាមពីក្រោយក្រុមជើងឯក Al-Ittihad ចំនួន ៥ពិន្ទុ៕