ភ្នំពេញ៖ ដើម្បីអបអរសាទរ «ទិវាកុមារអន្តរជាតិ ១មិថុនា» មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលយុទ្ធនាការនេះមានរយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី០១-៣០ ខែមិថុនា ឆ្នាំ២០២៣។
មូលនិធិគន្ធបុប្ផាកម្ពុជារៀបចំយុទ្ធនាការនេះម្តងទៀត បន្ទាប់ពីឆ្នាំមុនរៀបចំម្តងរួចមកហើយដោយទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាមេរិកពីសប្បុរសជនទាំងនៅក្នុង និងក្រៅប្រទេស។
គោលបំណងរៀបចំយុទ្ធនាការនេះ គឺមានគោលបំណងតែមួយគត់គឺដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជាតាមរយៈការរក្សាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវគ្រប់ក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន និង សប្បុរសជននានា ចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្គ្រោះកុមារ តាមរយៈតំណទៅកាន់ KHQR CODE https://bit.ly/3LadoxO នេះ។ ថវិកាបិរច្ចាគរបស់លោកអ្នក ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមាន ការរើសអើង៕