ជប៉ុន៖ កីឡាករវ័យ ២០ឆ្នាំ Takefusa Kubo បានបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកមេដាយឱ្យប្រទេសរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០ នេះ ខណៈក្រុមជម្រើសជាតិជប៉ុន នឹងត្រូវប្រឈមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃស្អែកនេះ។
ជប៉ុន នឹងព្យាយាមស្វែងរកមេដាយលើវិញ្ញាសារបាល់ទាត់ក្នុងព្រឹត្តិការណ៍អូឡាំពិកសាជាថ្មីម្តងទៀត ក្រោយពីខកខានអស់រយៈពេល ៥៣ឆ្នាំ ពោលគឺតាំងពីជប៉ុនទទួលបានមេដាយសំរឹទ្ធម្តងនៅក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ១៩៦៨ នៅប្រទេសម៉ិកស៊ិក ដោយយកឈ្នះម្ចាស់ផ្ទះម៉ិកស៊ិកផ្ទាល់តែម្តងក្នុងលទ្ធផល ២-០។
Kubo បាននិយាយថា៖ “តាំងពីខ្ញុំបានឃើញការចាប់ឆ្នោតបែងចែកពូលរួចមក ខ្ញុំបានប្រាកដចិត្តខ្លួនឯងហើយថា ប្រសិនបើយើង “ជប៉ុន” ឡើងដល់វគ្គនេះ (ពាក់កណ្តាលផ្តាច់ព្រ័ត្រ) ក្រុមដែលយើងត្រូវជួបគឺប្រាកដជាអេស្ប៉ាញ។ ខ្ញុំប្តេជ្ញាឱ្យអស់លទ្ធភាព មិនមែន ១០០ភាគរយ មិនមែន ១២០ភាគរយ តែគឺ ១៥០ភាគរយ ក្នុងការនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ”។ យ៉ាងណាក្តី Kubo ក៏បាននិយាយពាក់ព័ន្ធនឹងការជួបអេស្ប៉ាញថាជាការប្រកួតដ៏ពិសេសមួយសម្រាប់គេផងដែរ ត្បិតជាងមួយទស្សវត្សន៍ចុងក្រោយនេះ ការចំណាយពេលលើទីលានបាល់ទាត់របស់គេគឺនៅប្រទេសអេស្ប៉ាញនេះផ្ទាល់។
គួរបញ្ជាក់ថា ជប៉ុនឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះក្រោយទម្លាក់ណូវែលហ្សេឡង់ ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ខណៈអេស្ប៉ាញ ទម្លាក់កូឌឺវ័រក្នុងលទ្ធផល ៥-២។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងជប៉ុន នឹងអេស្ប៉ាញ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា វេលាម៉ោង ៦ល្ងាចនាកីឡដ្ឋាន Saitama៕