ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីណែនាំ៣ចំនុច ពាក់ព័ន្ធនឹងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សេចក្តីណែនាំចេញ ក្រោយក្រសួងសង្កេតឃើញថា ក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសកន្លងមក នៅមានការបកស្រាយផ្សេងៗគ្នារវាងម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស និងមន្ត្រីអធិការកិច្ចហត្ថពលកម្មបរទេសទៅលើបណ្ណការងារ និងសៀវភៅការងារជនបរទេស ដែលទើបបានដាក់ពាក្យស្នើសុំធ្វើបណ្ណការងារនិងសៀវភៅការងារជនបរទេសនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យកម្លាំងពលកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការណែនាំថា នៅពេលចុះអធិការកិច្ចហត្ថពលកម្មបរទេស ហើយត្រួតពិនិត្យឃើញមាន សហគ្រាស គ្រឹះស្ថាន ឬ បានដាក់ពាក្យស្នើសុំធ្វើបណ្ណការងារ និងសៀវភៅការងារជនបរទេស នៅក្នុងប្រព័ន្ធ www.fwcms.mlvt.gov.kh ហើយទទួលបានការអនុម័តកំរិតទី១ (កំរិតការិយាល័យជំនាញ) រួចហើយ ចាត់ទុកថាសហគ្រាស គ្រឹះស្ថាន ឬជនបរទេស បានអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងមិនទទួលរងការពិន័យភ្លាមលើករណីលិខិតអនុញ្ញាតិឲ្យប្រើប្រាស់ហត្ថពលកម្មបរទេស និងករណីបណ្ណការងារ និងសៀវភៅ ក្រសួងបញ្ជាក់ទៀតថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស ត្រូវតែបង្ហាញលទ្ធផលនៃការដាក់ពាក្យស្នើសុំក្នុងប្រព័ន្ធ www.fwcms.mlvt.gov.kh ដូចជា បង្កាន់ដៃបង់ប្រាក់ ឬបណ្ណការងារ និងសៀវភៅការងារជនបរទេសក្នុងរយៈពេល២០ថ្ងៃ ដល់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស បន្ទាប់ពីថ្ងៃដែលពិនិត្យឃើញ។
ទន្ទឹមនោះ ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស មិនបានបង្ហាញលទ្ធផលតាមការកំណត់ដូចក្នុងចំណុចទី២ខាងលើ មន្ត្រីអធិការកិច្ចហត្ថពលកម្មបរទេស ត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីរំពឹងថា មន្ត្រីអធិការកិច្ចហត្ថពលកម្មបរទេសនិងម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេសនឹងអនុវត្តតាមសេចក្ដីណែនាំ ប្រកបដោយប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់៕