វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ព្រះមហាក្សត្រថ្លែងព្រះរាជអំណរគុណដល់ឥណ្ឌាដែលបន្តអភិរក្សប្រាសាទបុរាណ និងសកម្មភាពសម្អាតមីននៅកម្ពុជា

ឥណ្ឌា៖ ក្នុងព្រះរាជដំណើរទៅកាន់ប្រទេសឥណ្ឌា ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះបន្ទូលថ្លែងអំណរគុណដល់ឥណ្ឌាដែលបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតាមរយៈការផ្តល់ឥណទាន និងហិរញ្ញប្បទានឥតសំណង។ ជាពិសេសបន្តគាំទ្រអភិរក្សប្រាសាទបុរាណ និងសកម្មភាពសម្អាតមីននៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងទៀតនៅក្នុងបណ្តាឆ្នាំខាងមុខនេះ។

ព្រះមហាក្សត្រ មានព្រះបន្ទូលរំលឹកដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ និងការគាំទ្ររបស់ឥណ្ឌាដល់កម្ពុជា ក្នុងគ្រាដ៏លំបាកបំផុតទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ បន្ទាប់ពីកម្ពុជាទើបត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបញ្ជូនកងកម្លាំងរក្សាសន្ដិភាពរបស់ឥណ្ឌាចូលរួមក្នុងបេសកកម្មនៃអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) សម្រាប់ដំណើរការសន្ដិភាពនៅកម្ពុជាក្នុងអំឡុងដើមទសវត្សរ៍៩០។

ភាគីទាំងពីរ បានសម្ដែងនូវទំនុកចិត្តយ៉ាងមុតមាំថា មូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យដែលជាផលប្រយោជន៍រួមកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅសំដៅឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយវិបុលភាពសម្រាប់ប្រទេសទាំងពីរ។

ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានសម្ដែងនូវការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ រួមមាន កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា អាស៊ាន និងអង្គការសហប្រជាជាតិ។

ថ្នាក់ដឹកនាំប្រទេសឥណ្ឌា បានថ្វាយសំណើជួសជុលគំនូរនៅលើថែវស្ដីពីរឿងរាមាយណៈ នៅក្នុងព្រះបរមរាជវាំង។

ព្រះមហាក្សត្រខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យសូមអញ្ជើញលោកស្រីប្រធានាធិបតីឥណ្ឌា ដ្រៅផាឌី មួរមូ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ លោកស្រីប្រធានាធិបតី បានសម្ដែងនូវអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងទទួលយកការអញ្ជើញដោយសេចក្តីសោមនស្សរីករាយ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់យាងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌារយៈពេល៣ថ្ងៃពីថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២០២៣ ដោយទ្រង់មានរាជសវនាការជាមួយប្រធានាធិបតីឥណ្ឌា លោកស្រី ដ្រៅផាឌី មួរមូ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន អនុប្រធានាធិបតីលោក ច៉ាកឌីប ដាន់ខា និងលោក រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា ចូលក្រាបបង្គំគាល់ដាច់ដោយឡែកពីគ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក