ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសារសំឡេងបែកធ្លាយរបស់សមាជិកបក្សប្រឆាំងម្នាក់ដែលមានអារម្មណ៍ឈឺចាប់ក្រោយពីដឹងថាមានការបែកធ្លាយសារសំឡេងសម្ងាត់ដល់នាយករដ្ឋមន្ត្រីកម្ពុជា ខណៈនាយករដ្ឋមន្ត្រីផ្ដាំថាកុំស្មានថាមានមនុស្សពេញចិត្តនឹងផែនការអាក្រក់របស់ក្រុមនេះឱ្យសោះ។
ក្នុងសារសំឡេងបែកធ្លាយនោះ សមាជិកបក្សប្រឆាំងម្នាក់នោះបាននិយាយដូច្នេះថា៖ «ខ្ញុំសូមឱ្យថ្នាក់ដឹកនាំវែកមុខឱ្យឃើញមនុស្សរបស់ ហ៊ុន សែន ខ្ញុំឈឺចាប់ណាស់»។
សម្តេចតេជោ បានថ្លែងនៅក្នុងឆាណែលតេឡេក្រាមនារសៀលថ្ងៃទី៣១ ខែឧសភា ថា៖ «បើកុំតែជាប់រវល់ម្លេះសមសំដីលោកស្រីត្រូវឲ្យលោកស្រីស្តាប់វិញតាំងជាង២ម៉ោងមុនម្លេះ។ ដោយសារក្រុមរបស់លោកស្រីជាប្រភេទតិរច្ឆានបែបនេះហើយទើបមានមនុស្សមិនពេញចិត្ត»។
សម្ដេចបានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានខ្សែកាបកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ថា សម្ដេចបានដឹងពីរឿងផ្ទៃក្នុងរបស់គណបក្សភ្លើងទៀនទាំងអស់ដែលមានមេដឹកនាំមួយចំនួនប៉ុណ្ណោះដែលចង់ធ្វើបាតុកម្ម។
កាលពីថ្ងៃទី១៣ ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅពន្ធនាគារឱ្យត្រៀមស្វាគមន៍មេដឹកនាំបក្សភ្លើងទៀនក្រោយពីបក្សនេះបានប្រកាសពីបំណងប្រមូលលផ្ដុំមនុស្សតវ៉ាប្រឆាំងសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលបដិសេធមិនឱ្យចូលរួមបោះឆ្នោតខាងមុខ។ សម្ដេចបានអំពាវនាវដល់សមាជិកបក្សនេះកុំជឿតាមការញុះញង់របស់មេដឹកនាំបក្សនេះឱ្យសោះ ខណៈបានឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាពីផ្លូវច្បាប់ប្រឆាំងនឹងគណបក្សភ្លើងទៀនផងដែរ៕