ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងនិវត្តន៍មាតុប្រទេស នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គង់ប្រថាប់នៅសាធារណដ្ឋឥណ្ឌា រយៈបីថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីធ្វើព្រះរាជដំណើរទស្សនកិច្ចផ្លូវ ក្នុងឱកាសខួបទី៧០ឆ្នាំ ទំនាក់ទំនងការទូតកម្ពុជាឥណ្ឌា។
ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា លោកស្រី ដ្រៅផាឌី មូរមូ (Droupadi Murmu) បានរៀបចំព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ និង ព្រះរាជពិធីសវនាការថ្វាយព្រះករុណា ព្រមទាំងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ផងដែរ។
ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅសាធារណរដ្ឋឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរ អង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព ដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕