កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ពន្ធដារប្រកាសម្ចាស់យានជំនិះគ្រប់ប្រភេទមកបង់ពន្ធចាប់ពីខែមិថុនា ដល់ខែចុងខែវិច្ឆិកា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវម្ចាស់យានជំនិះគ្រប់ប្រភេទ អញ្ជើញទៅបង់ពន្ធនៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមបណ្តាធនាគារពាណិជ្ជដៃគូទាំង១០ របស់អគ្គនាយកដ្ឋានពន្ធដារដែលនៅជិតបំផុត ឬបង់ពន្ធតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer app) ដែលបង់តាមកម្មវិធីនេះគឺកាន់តែមានភាពងាយស្រួល រហ័ស និងចំណេញពេលវេលាបន្ថែមទៀត ដោយអាចនឹងប្រើប្រាស់សេវាដឹកជញ្ជូនលតាបត្រដល់ទីកន្លែងផងដែរ។

មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដែលត្រូវបង់ពន្ធ គឺជាប្រភេទរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្តោង មធ្យោបាយដឹកជញ្ចូនកែច្នៃផ្សេងទៀត ជលយាន ឬជលយានយន្ត (លើសពី ១៥០សេះ) ទាំងផ្លូវទន្លេ និងផ្លូវសមុទ្រ ដោយផ្អែកលើទំហំស៊ីឡាំង កំលាំងសេស ឆ្នាំផលិត ចំនួនកៅអី ឬទម្ងន់ផ្ទុក។

ម្ចាស់យានជំនិះអាចប្រើប្រាស់កម្មវិធី ទូរស័ព្ទដៃគណនាពន្ធមធ្យោបាយ (GDT Road Tax) ដើម្បីគណនាប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដោយ គ្រាន់តែជ្រើសរើសប្រភេទយានយន្ត បញ្ចូលព័ត៌មានដូចជា ប្រភេទ រួចបញ្ចូលឆ្នាំផលិត ទំហំស៊ីឡាំង ជាដើម នោះកម្មវិធីនឹងគណនាដោយ ស្វ័យប្រវត្តិ។

អគ្គនាយកដ្ឋានពន្ធដារ តម្រូវឱ្យម្ចាស់យានជំនិះ មានឯកសារមួយចំនួនដើម្បីសុំចុះបញ្ជីយានយន្តថ្មី ឬធ្វើបច្ចុប្បន្នភាព មានដូចជា ប័ណ្ណសម្គាល់យានយន្ត ឬ/និងបង្កាន់ដៃបង់ពន្ធនាំចូល (សម្រាប់ការចុះបញ្ជីដំបូងត្រូវភ្ជាប់ទាំង២) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (សម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ) លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តកែច្នៃក្នុងស្រុក (សម្រាប់យានយន្តកែច្នៃក្នុងស្រុក) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម) សម្រាប់មធ្យោបាយដឹកជញ្ជូន និងយានជំនិះ ដែលជាកម្មសិទ្ធិរបស់សហគ្រាស។

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថាយានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្ត ដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។

ដោយឡែក ចំពោះយានយន្តដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយ របស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ប៉ុន្តែពុំមានប័ណ្ណសម្គាល់ការបង់ពន្ធ (កាត) ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្ត បង់ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទនោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់នូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា ប័ណ្ណសម្គាល់ យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ដ្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់ អគ្គនាយកដ្ឋានពន្ធដារ។

យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយ នូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជី នៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានពន្ធដារ គូសបញ្ជាក់ថាក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពី បិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក