ភ្នំពេញ៖ អាជ្ញាធរកាលពីថ្ងៃទី៣០ ខែឧសភា ចាប់បានជនសង្ស័យចំនួន០៨រូបដែលបានប្លន់មាសប្រាក់ដែលមានតម្លៃជិត២០ម៉ឺនដុល្លារពីអ្នកលក់មាសនៅផ្សារស្ទឹងមានជ័យកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
ជនសង្ស័យចំនួន៥នាក់ជិះម៉ូតូចំនួន២គ្រឿង និងរ៉ឺម៉កម៉ូតូ១គ្រឿងប្រដាប់ដោយអាវុធខ្លី៤ដើម បានប្លន់កាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង ផ្លាកទីនទឹក៣និងទឹក៧ចំនួនជាង១០០តម្លឹង និងប្រាក់ចំនួន១លានរៀលជាង នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អំឡុងជនរងគ្រោះជិះចេញទៅផ្សារ។
អ្វីដែលចាប់អារម្មណ៍នោះគឺជនសង្ស័យមានអាយុមិនក្រោម៣ទស្សវត្សឡើយពោលគឺអាយុចាប់ពី៣១ ឆ្នាំរហូតដល់៥៣ឆ្នាំ មានទាំងប្រុសមានទាំងស្រី។
បន្ទាប់មកអាជ្ញាធរបានស្រាវជ្រាវ និងចាប់បានជនសង្ស័យសរុបចំនួន៨នាក់ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ចាម ដែលពាក់ព័ន្ធនឹងករណីប្លន់នេះ។ ក្រៅពីនោះ អាជ្ញាធរបានប្រមូលវត្ថុតាងជាច្រើនដែលជនសង្ស័យធ្វើជាមធ្យោបាយប្រព្រឹត្តិសកម្មភាព និងវត្ថុតាងដែលជនសង្ស័យលួចបានពីជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕