
អង្គការយូណេស្កូ និងអង្គការសហប្រជាជាតិទស្សនកិច្ចស្វែងយល់កិច្ចការអភិរក្ស និងការគ្រប់គ្រងប្រាសាទព្រះវិហារ
ព្រះវិហារ៖ ប្រធានអង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជា លោក Sardar Umar ALam និងប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNRC) លោក Joseph Scheuer ព្រមទាំងសហការី ចំនួន ៥រូប បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចការអភិរក្ស ការជួសជុលប្រាសាទ និងការគ្រប់គ្រងរមណីយដ្ឋានប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
ក្នុងដំណើរទស្សនកិច្ចនេះ មានការសម្របសម្រួលពីអគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ លោក ឃូ អៀងហួត និង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ លោក ភិន សំណាង រួមទាំងមន្រ្តីជំនាញបុរាណវិទ្យា ដែលកំពុងអនុវត្តការងារលើភ្នំប្រាសាទព្រះវិហារ។
នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានចុះទៅពិនិត្យការដ្ឋានជួសជុលជណ្តើរបុរាណខាងជើង ដែលគាំទ្រថវិកាដោយមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌របស់សហរដ្ឋអាមេរិក គោបុរៈទី៥ ដែលកំពុងដំណើរការជួសជុលដោយអ្នកជំនាញការឥណ្ឌា និងបានបន្តសិក្សាស្វែងយល់អំពីការងារអភិរក្សតាមបណ្តាប្រាសាទនានាចាប់ពីគោបុរៈទី៥ ដល់គោបុរៈទី១។
បន្ទាប់ពីទស្សនៈកិច្ចនៅលើភ្នំប្រាសាទព្រះវិហាររួច ក្រុមការងារក៏បានស្វែងយល់ពីប្រវត្តិសាស្រ្ត រូបចម្លាក់បុរាណ វប្បធម៌ អរិយធម៌ខ្មែរ តាំងពីសម័យអតីតកាល ដែលបានតាំងបង្ហាញនៅក្នុងសារៈមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ផងដែរ។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ ប្រតិភូរបស់អង្គការ UNESCO និង UNRC បានវាយតម្លៃខ្ពស់ពីភាពអស្ចារ្យនៃសំណង់ស្ថាបត្យកម្មប្រាសាទព្រះវិហារ និងបច្ចេកទេសជួសជុលសំណង់ប្រាសាទបុរាណប្រកបដោយវិជ្ជាជីវៈរបស់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ។
គួរឱ្យដឹងដែរថា អង្គការយូនីស្កូសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា៕