សម្តេចតេជោ៖ ពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមថ្ងៃទី៣ មិថុនា មិនចាញ់ការបើកព្រឹត្តិការណ៍ស៊ីហ្គេមឡើយ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ មិនចាញ់ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឡើយ ពោលនឹងមានការបាញ់កំាជ្រួចអបអរសាទរច្រើនជាងស៊ីហ្គេម។
នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យពលរដ្ឋគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកជនមានពិការភាពកម្ពុជា ដែលចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
សម្តេចមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបឫស្សីកែវ និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ថា៖ «យើងលើកទឹកចិត្តជនមានពិការភាពរបស់យើង និងលើកទឹកចិត្តជនមានពិការនៅក្នុងក្របខណ្ឌអាស៊ានរបស់យើងដើម្បីឱ្យពួកគេខិតខំប្រឹងប្រែងឡើង ពិការតែរាងកាយ តែមិនពិការផ្លូវចិត្តទេ»។
គូសបញ្ជាក់ថាប្រតិភូកីឡាហ្វីលីពីន បានមកដល់កម្ពុជាមុនគេនៅវេលាយប់ម៉ោង១ ថ្ងៃទី៣១ ខែឧសភា ហើយនៅព្រឹកថ្ងៃនេះប្រតិភូកីឡាឥណ្ឌូណេស៊ីសរុបចំនួន ២៥០នាក់ ក៏បានមកដល់កម្ពុជាផងដែរ ដើម្បីត្រៀមចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយគ្នានេះនឹងមានប្រតិភូកីឡានៅបណ្តាប្រទេសជាច្រើនទៀតនឹងបន្តមកកម្ពុជាជាបន្តទៀត។
ប្រតិភូកីឡាចំនួន ១១ប្រទេសនឹងចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ សរុបចំនួន ២ ៦៩២រូប ក្នុងនោះប្រតិភូកីឡាថៃច្រើនជាងគេ គឺ៦២៩រូប ប្រតិភូឥណ្ឌណេស៊ីចំនួន ៥៨០រូប កម្ពុជា ៣៤៣រូប ម៉ាឡេស៊ី ២៩០រូប ហ្វីលីពីន ២៧២រូប សិង្ហបុរី ១៣១រូប វៀតណាម ១៦៤រូប មីយ៉ាន់ម៉ា ១៣១រូប ឡាវ ៨៩រូប ព្រុយណេ ៣២រូប និងទីម័រខាងកើត ៣១រូប។
គិតត្រឹមថ្ងៃទី៣១ ខែឧសភា គឺនៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះកម្ពុជានឹងប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕