ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ ប៊ីយ៉ាការ៉ុម ៣បាំង ស្រួង ភាវី ប្រកាសថា ប្រាក់ដែលទទួលបានពីធ្វើទូតសុឆន្ទៈឲ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor នឹងបង្វិលទៅកិច្ចការសប្បុរសធម៌វិញ និង សម្រាប់ជួយធានាដល់អ្នកដែលគ្មានលទ្ធភាព ទៅព្យាបាលជំងឺនៅប្រទេសកូរ៉េថែមទៀត។
កីឡាការនី ស្រួង ភាវី បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនថា ការចុះកុងត្រាជាទូតសុឆន្ទៈនេះ គឺមិនយកប្រាក់សម្រាប់ខ្លួនឯងទេ នឹងបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ និង បញ្ជាក់ថាបើខ្លួនត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់កីឡាការនីរូបនេះ ធានាមកព្យាបាលជំងឺនៅប្រទេសកូរ៉េ ដោយមិនតម្រូវឱ្យយកប្រាក់នោះឡើយ។
ម្ចាស់មេដាយមាសរូបនេះឱ្យដឹងថា ការស្នើលក្ខខណ្ឌនេះ គឺខាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor ទទួលយល់ព្រមដោយសេចក្ដីសោមនស្សរីករាយ និង បានគូសបញ្ជាក់ថា៖«ខ្ញុំមានខ្លួនតែមួយ រាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទើបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង»។
គួរឱ្យដឹងដែរថា កីឡាការនី ស្រួង ភាវី ធ្លាប់បានប្រកាសដែលថា រាល់ថវិកាដែលប្រកួតបានជ័យជម្នះបានទាំងប៉ុន្មានក្នុងការប្រកួតឈ្នះ ឬចាញ់ ទោះតិចក្ដីច្រើនក្ដី គឺប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ ដើម្បីជាជំនួយចាំបាច់សម្រាប់ក្មេងៗក្រីក្រ ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត៕